ប្រភពស្និទ្ធនឹងក្រុមគ្រូបង្វឹកបានឲ្យដឹងថា ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បន្តនៅជួយក្រុមជម្រើសជាតិពេលប៉ះ បារ៉ែន នៅថ្ងៃទី ១០ កញ្ញា ទោះត្រូវកម្មវិធីទៅហាត់នៅជប៉ុនក្ដី។ ប្រភពដដែលបន្តថា បន្ទាប់ពីប្រកួតទល់បារ៉ែនចប់ អាចមានគ្រូម្នាក់ជូន ចន្ធា ឡើងយន្តហោះទៅជប៉ុនម្នាក់ឯងទាំងយប់តែម្ដង។
ដំបូងឡើយ ចន្ធា ត្រូវឡើងយន្តហោះជាមួយ គ្រូបង្វឹក សាប៊ូន វិនតា, អ្នកចាំទី ថា ចាន់រិទ្ធី និង កីឡាករ អ៊ាន ពិសី ប៉ុន្តែត្រូវពន្យារពេលវិញដោយទុកឲ្យមិត្តរួមក្រុមនិងគ្រូបង្វឹកដឹកនាំទៅមុន។ ចន្ធា និង មិត្តរួមក្រុមធ្វេីដំណេីរទៅប្រទេសជប៉ុនក្នុងគោលដៅទៅហ្វឹកហាត់និងផ្លាស់ប្ដូរបទពិសោធន៍នៅក្លិប Vegalta Sendai (ក្លិប J-League 1)។
ដ្បិតវ័យត្រឹម ១៧ ឆ្នាំប៉ុន្តែ ចន្ធា បានឆក់ឱកាសចូលឈុតជម្រើសជាតិតាំងពីវគ្គជម្រុះ ជុំទី១ មកម៉្លេះ ពេលឈ្នះ ប៉ាគីស្ថានទាំងពីរជើង ២-០ និង ២-១។ អ្វីគួរកត់សម្គាល់ គឺ យុវជនបាទីអាចស៊ុតបញ្ចូលទី១ គ្រាប់និង Assist មួយកាលជុំទី១។
ទោះលេងក្នុងនាមកីឡាករប្ដូរចូល ប៉ុន្តែ ចន្ធា បានបង្កើតឱកាសនិងលេងស៊ីចង្វាក់ ជាមួយរៀមច្បងគួច សុកុម្ភៈ គួច ដានី សេត រ៉ស៊ីប និង កែវ សុខផេង ជាដើម។ កាលស្មើហុងកុង គេបានអូសដាច់ខ្សែការពារមាឌធំៗហុងកុង និងស៊ុតបុកបង្គោលទីនៅនាទីទី ៧៤ ហើយក៏បានបង្កើតឱកាសជាច្រើនជាមួយសិស្សច្បងក្នុងក្រុម។
កម្ពុជានឹងប្រកួតលើកទី២ ក្នុងពូល C ជាមួយបារ៉ែន នៅថ្ងៃ ទី១០ កញ្ញា ចាប់ពីវេលាម៉ោង ៦ កន្លះតទៅ។ លទ្ធផលក្នុងពូល C កន្លងទៅ កម្ពុជា ស្មើ ហុងកុង ១-១ , អ៊ីរ៉ាក់ ស្មើ បារ៉ែន ១-១ និង អ៊ីរ៉ង់មិនទាន់ប្រកួតនៅឡើយ៕
វីដេអូ ហាយឡាយ ចន្ធា ស៊ុតបុកបង្គោលនាទីទី ៧៤