សៀង ​ចន្ធា បន្តជាប់ឈ្មោះក្នុង U20 ទៅសងសឹកឲ្យ U22 នៅវៀតណាម

231

ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង សៀង ចន្ធា បន្តជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា ចូលរួមប្រកួតពានរង្វាន់ BTV Cup 2019 នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូខាងមុខ។

ក្រោយពីចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន សៀង ចន្ធា នឹងធ្វើដំណើរមកដល់មាតុភូមិវិញ នាវេលាម៉ោង ១១ៈ៥៥នាទីយប់នេះ ហើយចន្ធា នឹងត្រូវធ្វើដំណើរទៅវៀតណាមតាមក្រោយ មិត្តរួមក្រុម U20  ដែលត្រូវចេញដំណើរមុន នាវេលាម៉ោង ១ៈ៥០នាទីរសៀល ថ្ងៃព្រហស្បត្តិ៍នេះ ។

ចំពោះការប្រកួតពានរង្វាន់ BTV Cup 2019 នេះ មាន ៤ក្រុមចូលរួម គឺក្រុម U20 កម្ពុជា, វៀតណាម, មីយ៉ាន់ម៉ា និងក្រុម Becamex Binh Duong ។ ហើយក្រុមនីមួយៗ មានឱកាសប្រកួតត្រឹម ២ប្រកួតប៉ុណ្ណោះ ពោលគឺប្រកួតជម្រុះ ១ប្រកួត ហើយក្រុមឈ្នះឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ១ប្រកួត ខណៈក្រុមចាញ់ ក៏ត្រូវជួបដណ្ដើមចំណាត់ថ្នាក់លេខ៣ ចំនួន ១ប្រកួតផងដែរ៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា