ស៊ិន សុផាណាត់ ៖“មិនថា ការពារឬប្រយុទ្ធ ខ្ញុំពេញចិត្តទាំងពីរ”

80

ទោះមានតួនាទីស្នូលជាខ្សែការពារ ប៉ុន្តែ ស៊ិន សុផាណាត់ មានឱកាសរកគ្រាប់បាល់ជារឿយៗឲ្យវិសាខាមិនថា ការប្រកួតក្របខណ្ឌ Metfone Cambodian League ឬពានរង្វាន់Hun Sen Cup។

បើនៅក្រុមជម្រើសជាតិវិញ គេត្រូវបានគ្រូបង្គោល Felix Dalmas ផ្ដល់តួនាទីជាខ្សែប្រយុទ្ធ និងរកបានគ្រាប់បាល់ថែមទៀត។

កីឡាករវ័យ ២៣ ឆ្នាំបានសង្កត់ធ្ងន់ថាពេញចិត្តទាំង ២ មិនថាការពារ ឫប្រយុទ្ធ តែអាស្រ័យលើការរៀបចំរបស់គ្រូបង្វឹក ហើយគេក៏គោរពតាម និងព្យាយាមអស់ពីលទ្ធភាពដូចគ្នា។

សុផាណាត់ និយាយបែបនេះ ៖ “ តួនាទី ២ ហ្នឹងខ្ញុំពេញចិត្តទាំងពីរ តែក៏អាស្រ័យលើគ្រូដែរ បើគាត់ចង់ឲ្យយើងលេងតួនាទីណា ខ្ញុំនឹងធ្វើតាម ហើយព្យាយាមប្រឹងប្រែងអស់ពីលទ្ធភាពតែម្ដង។ ដូចពេលនៅជម្រើសជាតិ គ្រូឲ្យខ្ញុំលេងប្រយុទ្ធ ខ្ញុំលេងតាម បើឲ្យការពារក៏ខ្ញុំអាចធ្វើបាន។ បើនៅក្លឹបវិញ គ្រូចង់ឲ្យខ្ញុំលេងការពារ។ តាមពិតទៅកាលចូលហាត់បាល់ដំបូង ខ្ញុំក៏ធ្លាប់ហាត់ប្រយុទ្ធដែរ ព្រោះកាលហ្នុងគ្រូថា កីឡាករគួរតែចេះច្រើន Role អ៊ីចឹងទៅ មិនមែននៅតែមួយកន្លែងទេ ” ។

ស៊ិន សុផាណាត់ ផ្ដើមការហ្វឹកហាត់បាល់ទាត់នៅថ្នាលព្រះខ័នរាជស្វាយរៀង មុនចូលរួមជាមួយវិសាខា ឆ្នាំ២០១៧។ គេថា ការរកគ្រាប់បាល់បានជារឿយៗនេះលាយឡំនឹងសំណាងខ្លះៗ បូករួមទាំងការព្យាយាម ព្រោះពេលហ្វឹកហាត់ៗម្ដង គេក៏ឆ្លៀតហាត់ទាត់ទីបន្ថែមទៀតដែរ។

នៅរដូវកាល២០២០ ស៊ិន សុផាណាត់ រកបាន ៣ គ្រាប់ក្នុងក្របខណ្ឌ Metfone Cambodian League និង ៤ គ្រាប់នៅពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ៕

អត្ថបទ៖ CNCC