ស៊ីហ្គេម៖ កម្ពុជា រាយការណ៍ជូនជនរួមជាតិ ពីការប្រកួតកីឡាទាំងអស់ត្រូវបានបញ្ចប់ជាស្ថាពរ

421

ស៊ីហ្គេម៖ នាយបេសកកម្មកីឡាស៊ីហ្គេមរបស់កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានជម្រាបជូននូវរបាយការណ៍សង្ខេបសំខាន់ៗនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដែលបានបញ្ចប់ទាំងស្រុង នៅយប់ថ្ងៃទី១០ ខែធ្នូ នៅទីក្រុងម៉ានិលថា ការប្រកួតកីឡា ទាំងអស់របស់កម្ពុជា ក៏ដូចជាការប្រកួតផ្សេងៗត្រូវបានបញ្ចប់ជាស្ថាពរហើយ។


ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ជូនថា លទ្ធផលទទួលសរុបចុងក្រោយរបស់ប្រតិភូកីឡាកម្ពុជាក្នុងការប្រកួតកីឡា SEA Games លើកទី៣០ នៅហ្វីលីពីន ឆ្នាំ២០១៩ ដោយក្នុងចំណោម៣១ប្រភេទកីឡា កម្ពុជា គឺមាន១០ប្រភេទកីឡាដណ្តើមបានមេដាយ ក្នុងនោះមានដូចជា៖

១- ប្រភេទកីឡាគុន Arnis (ក្រុមគុនល្បុក្កតោ) វិញ្ញាសាប្រយុទ្ធ មេដាយមាស១, មេដាយប្រាក់២, មេដាយសំរឹទ្ធ១៧។

២-កីឡាប៉េតង់ លើវិញ្ញាសាវាយ៣នាក់នារី មេដាយមាស១ (ស្រ៊ាង សុរ៉ាឃីម, អ៊ុន ស្រីយ៉ា,ឃួន យ៉ារី និងដួង ឌីណា), វាយគូបុរស មេដាយប្រាក់១។

៣-កីឡាតេក្វាន់ដូWT៖ មេដាយមាស១ ដោយកីឡាការិនី ស៊ន សៀវម៉ី, មេដាយប្រាក់២, មេដាយសំរឹទ្ធ១។

៤-កីឡាជឺជីតស៊ូ៖ មេដាយមាស១ ដោយកីឡាការិនី ខាន់ ចេសា។

៥-កីឡាសីដក់៖ មេដាយប្រាក់១ ជាក្រុម។

៦-កីឡាប្រដាល់គុនខ្មែរ៖ មេដាយសំរឹទ្ធ៣។

៧-កីឡា Soft Tennis៖ មេដាយសំរឹទ្ធ២។

៨-កីឡាចំបាប់៖ មេដាយសំរឹទ្ធ៥។

៩-កីឡាប្រដាល់សកល មេដាយសំរឹទ្ធ៥។

១០-កីឡាប្រដាល់ Kick Boxing មេដាយសំរឹទ្ធ៣។

ដោយឡែកប្រភេទកីឡាបាល់ទាត់ ទោះបីជាមិនដណ្តើមបានមេដាយសំរឹទ្ធ ប៉ុន្តែកីឡាបាល់ទាត់កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ដោយការឆ្លងផុតវគ្គជម្រុះក្នុងពូលឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គឺជាការបំណែកកំណត់ត្រាជាប្រវត្តិ សាស្រ្តស៊ីហ្គេម រយៈពេល៦០ឆ្នាំ។

ចំពោះមេដាយសរុបដែលកម្ពុជាទទួលបាន គឺមានចំនួន៤៦ ក្នុងនោះមេដាយមាស៤ ប្រាក់៦ និង សំរឹទ្ធ៣៦ ដោយកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី៨ ក្នុងចំណោម១១ប្រទេស។

នាយបេសកកម្មបន្ថែមទៀតថា ការចេញមកបំពេញបេសកកម្មជាប្រវតិ្តសាស្រ្តស៊ីហ្គេម ឆ្នាំ២០១៩នេះទទួលបានការយកចិត្តដ៏ខ្ពស់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការគាំទ្រពីប្រជាពលរដ្ឋ ជាពិសេសតាមរយៈបណ្តាញទំនាក់ទំនងសង្គមក៏ទទួលបានការគាំទ្រយ៉ាងផុលផុសខ្លាំងដែរ ដែលនេះជាការផ្តល់កម្លាំងចិត្តដល់ក្រុមប្រភិភូកីឡាកម្ពុជាក្នុងការបង្កើនការខិតខំយ៉ាងអស់ពីសមត្ថភាពដណ្តើមមេដាយជូនជាតិ។

អ្វីដែលសំខាន់បំផុត នៃស៊ីហ្គេម ឆ្នាំនេះ គឺការប្រកួតមានភាពស្វិតស្វាញខ្លាំងណាស់ ដោយទម្រាំតែឈ្នះមេដាយនីមួយៗមានការលំបាកខ្លាំង ដែលតាមការពិនិត្យជាក់ស្តែងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រមានកម្រិតបច្ចេកទេសប្រកៀកប្រកិតគ្នា ដោយមិនមានភាពដាច់ឆ្ងាយពីគ្នាពេកទេ ដែលសូម្បីតែការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសមួយចំនួន គឺឈ្នះដោយពិន្ទុ ឬខ្លះទៀតមិនបានឈ្នះពិន្ទុផង ដោយគ្រាន់តែឈ្នះដោយភាពមានប្រៀបបន្តិចបន្តួចប៉ុណ្ណោះ។ ឯកឧត្តមបានវាយតម្លៃជារួមនូវការដណ្តើមបានមេដាយនេះ គឺបានកើតឡើងដោយការខិតខំអស់ពីសមត្ថភាពពិតប្រាកដ ដោយជ័យលាភីទាំងនោះបានបង្ហាញចេញនូវឆន្ទៈនៃការប្រឹងប្រែងផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងថា ថ្វីដ្បិតតែកម្ពុជាដណ្តើមបានមេដាយច្រើនជាងស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ ក៏ពិតមែន ប៉ុន្តែមេដាយមាស៤នេះ គឺមិនទាន់ឆ្លើយតបទៅនឹងមហិច្ឆតារបស់យើង ដែលគ្រោងទុកថានឹងដណ្តើមឲ្យបានមេដាយមាស១០គ្រឿងនោះទេ ដែលប្រភេទកីឡាសក្តានុពលរបស់កម្ពុជាមួយចំនួនមិនបានទទួលមេដាយមាសឡើយ។ ការដាក់គោលដៅនេះ គឺដោយសារតែព្រះរាជាណាចក្រកម្ពុជាស្ថិតនៅក្នុងបេសកកម្មដ៏ធំចម្បងរបស់ខ្លួន ក្នុងការសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ ដោយកម្ពុជានៅសល់តែ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាមម្តងទៀតទេ គឺដល់ការរៀបចំរបស់កម្ពុជាយើងហើយ៕