ក្រោយរួមចំណែករកបាន ១គ្រាប់ក្នុងជ័យជម្នះ ៤-១ លើ Genk កាលពីយប់មិញ ខ្សែប្រយុទ្ធឆ្នើម Erling Haaland របស់ Salzburg បានជាប់ក្នុងកំណត់ត្រាជាកីឡាករទី ៣ បន្ទាប់ពី Alessandro Del Piero និង Diego Costa ដែលអាចរកគ្រាប់បាល់បាន ក្នុង ៥ប្រកួតជាប់គ្នានៅ Champions League។

Erling Haaland នៅតែបង្កព្យុះភ្លៀងក្នុងពានអឺរ៉ុប ដោយអាចរកបាន១គ្រាប់នៅនាទី ៨៧’ នាទឹកដីក្រុមបែលហ្ស៊ិក Genk ដោយគិតមកត្រឹមពេលនេះរូបគេរកបានសរុបដល់ទៅ ៨ គ្រាប់ពី ៥ប្រកួតក្នុងវគ្គសន្សំពិន្ទុពូល E។

ខ្សែប្រយុទ្ធវ័យទើប ១៩ឆ្នាំរូបនេះ បានជាប់កំណត់ត្រាជាមួយអតីតខ្សែប្រយុទ្ធ Juventus, Alessandro Del Piero និង Diego Costa របស់ Atletico Madrid ក្នុងនាមជាកីឡាករដែលអាចរកគ្រាប់បាល់បានក្នុង ៥ប្រកួតជាប់គ្នានៅពានអឺរ៉ុប។ ក្រុមអូទ្រីស Salzburg នឹងត្រូវប្រឈមមុខជាមួយហង្សក្រហម Liverpool នៅថ្ងៃទី ១០ ខែធ្នូ ហើយអាចមានឪកាសទៅវគ្គ ១៦ក្រុមបានលុះត្រាអាចយក ៣ពិន្ទុបានពីក្រុមអង់គ្លេស។