អគ្គលេខាធិការបឹងកេតប្រាប់ហេតុផលសំខាន់ពីការបន្តកុងត្រា Kenta និង Mizuno

403

ការរួមចំណែកបានយ៉ាងល្អនាពេលកន្លងមក គឺជាហេតុផលដែលក្លឹបបាល់ទាត់បឹងកេតសម្រេចចិត្តបន្តកិច្ចសន្យាថ្មីដល់ខ្សែបម្រើ Mizuno Hikaru និង Kenta Yamazaki ដល់ដំណាច់រដូវកាល២០២០។ នេះបើតាមការបង្ហើបឲ្យដឹងពីអគ្គលេខាធិការក្លឹប លោក បែ មករា។

ថ្នាក់ដឹកនាំដដែលបន្ថែមថា ក្រៅពីការួមចំណែកល្អនៅតំបន់បម្រើ កីឡាករជនជាតិជប៉ុនទាំងពីរក៏មានបច្ចេកទេសលេងត្រូវនឹងទម្រង់របស់គ្រូបង្គោល Apisit Im Amphai ផងដែរ។

លោក បែ មករា ពន្យល់ ៖”យើងបន្តកិច្ចសន្យាសម្រាប់អ្នកទាំងពីរ ព្រោះចង់ពង្រឹងនូវតំបន់បម្រើរបស់យើង ព្រោះពួកគាត់ជួយច្រើនលើតំបន់នេះ ដោយយោងទៅនឹងសមិទ្ធផលការងាររបស់គាត់ ហើយការលេងរបស់អ្នកទាំងពីរក៏ត្រូវនឹងអ្វីដែលគ្រូចង់បានដែរ”។

គួរដឹងដែរថា Mizuno Hikaru បានចូលរួមជាមួយបឹងកេតរដូវកាល២០១៧ និងរួមចំណែកឈ្នះជើងឯកក្របខណ្ឌ Metfone Cambodian League នៅឆ្នាំដដែលនោះ។

ចំណែក Kenta ដែលធ្លាប់លេងក្របខណ្ឌកំពូលថៃនៅក្លឹប Ubon United បានចូលរួមជាមួយក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅជុំទីពីរ រដូវកាល២០១៩។

ដោយឡែក លោក បែ មករា បង្ហើបដែរថា បឹងកេតក៏មានគម្រោងប្រកាសសមាជិកថ្មីបន្តបន្ទាប់ទៀតនាពេលឆាប់ៗខាងមុខដែរ៕

អត្ថបទៈ CNCC