លោក តាន់ គីមហៀក ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន បានចេញដីកាលេខ៥៨៤ សម្រេចឃុំខ្លួនជនត្រូវចោទអតីតកីឡាករក្លឹបបឹងកេត ឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតដោយចេតនា» រយៈពេល៤ខែ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅពន្ធនាគារខេត្តប៉ៃលិន ក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
គួររំលឹកផងដែរថា ៖ កាលពីវេលាទៀបភ្លឺ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីហិង្សាមួយកើតឡើងនៅចំណុចហាងម៉ាស្សាមួយកន្លែង ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បង្កឡើងដោយ ឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ ជាអតីតកីឡាបាល់ទាត់នៅក្លឹបបឹងកេត រស់នៅភូមិកើតហេតុខាងលើ បានយកឈឺប្រវែង០,៥ម៉ែត្រ វាយទៅលើយុវជនម្នាក់ឈ្មោះ សុខ មេសា (ហៅនាយចឺម) ជាតារាចម្រៀង រស់នៅភូមិត្រាចកោះ ឃុំមហាឫស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាង និងបែកក្បាលចំនួន៥ថ្នេរ (ធ្ងន់ធ្ងរ) ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូនអិច មួយគ្រឿង(ខូចទាំងស្រុង) ដែលគេសង្ស័យថា ករណីប្រច័ណ្ឌ(ដណ្តើមស្រីស្នេហ៍)។
ប្រភព៖ កម្ពុជាថ្មី