ប្រជាប្រិយភាពនៃកីឡាបាល់ទាត់នៅក្នុងទ្វីបអាស៊ី បានធ្វើឲ្យមានលំហូរចូលកីឡាករល្បីៗជាច្រើននៅអឺរ៉ុបបានប្តូរទ្រនំទៅចូលរួម ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងចំនោមក្រុមទាំងនោះ Vissel Kobe ហាក់មានភាពជិតស្និទ្ធអាចទទួលបានអតីតតារាបាល់ទាត់របស់ក្រុម Barcelona ច្រើនជាងគេ។
យោងតាមរបាយការណ៍មួយពីសារព័ត៌មានតូក្យូបានឲ្យដឹងថា Vissel Kobe កំពុងចរចាជាមួយភ្នាក់ងាររបស់ខ្សែការពារ Thomas Vermaelen អំពីការផ្ទេរ។ ខណៈដែលតារាបែលហ្ស៊ិករូបនេះបានចាកចេញពីក្លឹប Barcelona តាំងតែពីចុងរដូវកាល។
បច្ចុប្បន្នក្រុមលេងនៅ J1 League មានកីឡាករ Andres Iniesta, David Villa និង Sergi Samper ក្នុងចំណោមពួកគេទាំង ៣ សុទ្ធសឹងតែធ្លាប់លេងឲ្យក្លឹប Barcelona ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ទន្ទឹមនឹងនេះដែរ អតីតកីឡាករសញ្ជាតិអាល្លឺម៉ង់ Lukas Podolski ក៏ជាសមាជិករបស់ក្លឹបមួយនេះផងដែរ។
បើទោះបីជាមានតារាសំខាន់បែបណាក្តី ក្រុម Vissel Kobe មានតែ ១៥ ពិន្ទុក្នុងលីគដោយឃ្លាតតែ ៣ពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោល ដោយចាញ់ចំនួន ១១ ប្រកួតក្នុងចំណោម 20 ប្រកួតគិតមកទល់ពេលនេះ។
ប្រភព៖ Fox Sport Asia