ទីភ្នាក់ងារសារព័ត៌មាន Athens បានរាយការណ៍ថាអតីតខ្សែប្រយុទ្ធស៊ែបប៊ី Darko Kovacevic ត្រូវបានខ្មាន់កាំភ្លើងលបបាញ់ធ្វើឃាត កាលពីល្ងាចថ្ងៃអង្គារនៅតំបន់ Glyfada ក្នុងទីក្រុង Athens ។
ប្រភពខាងលើបានឲ្យដឹងថា បុរសវ័យ ៤៦ ឆ្នាំរូបនេះបានរងរបួសជង្គង់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថាគ្រាប់កាំភ្លើងអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ឫយ៉ាងណាឡើយ។
តាមរបាយការណ៍ពីប៉ូលីសបាននិយាយថា មនុស្សមួយក្រុមដែលមិនទាន់ស្គាល់អត្តសញ្ញាណ បានបាញ់ចេញពីរថយន្តមួយគ្រឿង ខណៈពេលដែលជនរងគ្រោះកំពុងតែចុះពីឡាន។
គួររំលឹកថា Kovacevic ធ្លាប់បង្ហាញខ្លួនចំនួន ៥៩ ប្រកួតសម្រាប់ជម្រើសជាតិស៊ែប៊ីពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០៤ ។ គាត់បានលេង ៩ រដូវកាលឲ្យក្រុម Real Sociedad របស់អេស្ប៉ាញ ហើយធ្លាប់លេងឲ្យក្លឹប Red Star Belgrade, Juventus, Lazio និង Sheffield Wednesday មុនពេលបញ្ចប់អាជីពជាមួយ Olympiakos ពីឆ្នាំ ២០០៧-០៩ ។