អតីត​តារា World Cup មួយរូប ធ្លាក់ខ្លួនជាអ្នកបើកតាក់ស៊ីនៅអាមេរិក

19983

អតីត​ខ្សែប្រយុទ្ធឆ្នើមម្នាក់ ធ្លាប់ជួយតួកគីបានលេខ ៣ នៅ World Cup 2002 លោក Hakan Sukur បានធ្លាក់ខ្លួនជាអ្នកបើកតាក់ស៊ីនៅអាមេរិក។​

រឿងរ៉ាវ​វែងឆ្ងាយមួយនេះ ត្រូវបានបុរសវ័យ​ ៤៨ ឆ្នាំខាងលើ ទម្លាយ​តាមបទសម្ភាសន៍ជាមួយកាសែតអាឡឺម៉ង់ថា បន្ទាប់ពីចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ ២០០៨ លោកបានចូលប្រឡូកក្នុងឆាកនយោបាយ ហើយបានឈ្នះអាសនៈមួយនៅក្នុងសភាតួកគីក្នុងនាមជាសមាជិកម្នាក់នៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍របស់លោក Recep Tayyip Erdogan ក្រោយមកលោកក៏មានការប្រេះឆាជាមួយរដ្ឋាភិបាលលោក Erdogan រហូតមានការគំរាមសម្លាប់ និងចោទប្រកាន់រឿងមិនពិត ទើបបង្ខំឲ្យលោកសម្រេចចិត្តនិរទេសខ្លួនទៅអាមេរិក។

លោក Hakan Sukur បានប្រាប់កាសែតខាងលើបន្តថា“ខ្ញុំគ្មានអ្វីនៅសេសសល់ទេលោក Erdogan បានយកអ្វីៗទាំងអស់ពីខ្ញុំ ទាំងសិទ្ធិសេរីភាព និងការបញ្ចេញមតិ ខ្ញុំបានផ្លាស់ទៅសហរដ្ឋអាមេរិកដំបូងបើកហាងកាហ្វេមួយនៅរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែនៅតែមានមនុស្សចំលែកនៅតែតាមរក ឥឡូវខ្ញុំសម្រចចិត្តបើកឡានអោយក្រុមហ៊ុន Uber ហើយនិងលក់សៀវភៅ” ។

គួរបញ្ជាក់ថា លោក Hakan Sukur ធ្លាប់ជាកីឡាកររបស់ក្លឹបអង់គ្លេស Blackburn និងក្លឹបតួកគី Galatasaray ហើយរកបាន ៥១ គ្រាប់ឲ្យជម្រើសជាតិតួរគីចន្លោះឆ្នាំ ១៩៩២ និង ២០០៧ ក្នុងការបង្ហាញខ្លួន ១១២ ប្រកួត លោកក៏ជាផ្នែកមួយរបស់ក្រុមតួកគី ដែលជួយក្រុមបានចំណាត់ថ្នាក់លេខ ៣ នៅ FIFA World Cup ២០០២ ផងដែរ​។