ទីបំផុតក្លឹបព្រះខ័នរាជស្វាយរៀង បានទទួលសិទ្ធចូលរួមប្រកួតពានកម្រិតទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2020 ជាផ្លូវការហើយ បន្ទាប់ពីក្លឹបជើងលីគកំពូលកម្ពុជាឆ្នាំ២០១៩ បានទទួលអាជ្ញាប័ណ្ណ AFC Club Licensing ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីសម្រាប់ឆ្នាំ២០២០ ជាមួយក្លឹប ២ទៀតគឺក្លឹបបឹងកេត និងក្រុមអង្គរថាយហ្គឺរកាលពីពេលថ្មីៗ។
នេះគឺជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រ ក្រុមព្រះខ័នរាជស្វាយរៀងដែលទន្ទឹងចង់ដឹង ក្រោយក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ ដណ្ដើមបានជើងឯកលីគកំពូលកម្ពុជាកាលពីពេលថ្មីៗ ហើយចង់ឃើញក្រុមដឹកនាំដោយលោក Conor Nestor នេះ បន្ដចូលរួមប្រកួតពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ក្រោយព្រះខ័នរាជស្វាយរៀងខកខានឱកាសលើកពានជាច្រើនឆ្នាំកន្លងទៅ។
ចំពោះការប្រកួតពានរង្វាន់ AFC Cup 2020 ក្លឹបបាល់ទាត់តំណាងប្រទេសកម្ពុជា ត្រូវឆ្លងកាត់ការប្រកួតជម្រុះបឋមសិន ដោយគ្រោងរៀបចំពិធីចាប់ឆ្នោតនាថ្ងៃទី១០ ខែធ្នូខាងមុខ គ្រាដែលការប្រកួតវគ្គជម្រុះបឋម គឺគ្រោងនឹងចាប់ផ្ដើមការប្រកួតនៅដើមខែកុម្ភៈ ឆ្នាំ២០២០។
គួរដឹងថា អាជ្ញាប័ណ្ណក្លឹបដែលទទួលស្គាល់ ដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ក្លឹបនីមួយៗត្រូវបំពេញលក្ខណៈពិសេសៗមួយចំនួន ដូចជាគ្រូបង្វឹកក្រុមធំត្រូវមានសញ្ញាប័ត្រ A License ហើយមានយុវជនយ៉ាងតិច ២ក្រុម ហើយចូលរួមក្នុងលីគយុវជនជាមួយនឹងគ្រូសញ្ញាប័ត្រ C License មានក្រុមគ្រូពេទ្យប្រចាំក្លឹប មានកិច្ចសន្យាត្រឹមត្រូវរវាងក្លឹបជាមួយកីឡាករ មានកម្មវិធីអភិវឌ្ឍន៍យុវជន មានកីឡដ្ឋានស្តង់ដារ ទីលានហ្វឹកហាត់ រដ្ឋបាលក្លឹប រចនាសម្ព័ន្ធក្លឹប និងខ្ទង់ចំណូល-ចំណាយប្រចាំខែ និងប្រចាំឆ្នាំជាដើម៕