អាជ្ញាកណ្ដាល​សញ្ជាតិ​ឈីលី នឹងកាត់សេចក្តីការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងប្រេស៊ីលជាមួយប៉េរូ

342

លោក Roberto Tobar សញ្ជាតិ​ឈីលី នឹងក្លាយជាអាជ្ញាកណ្តាលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa America លើកទី ៤៦ នៅថ្ងៃអាទិត្យខាងមុខនេះរវាងប្រេស៊ីលនិងប៉េរូ នេះបើយោងតាមការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ដោយសហព័ន្ធអាមេរិចខាងត្បូង (CONMEBOL) ។

លោក Tobar មានវ័យ ៤១ ឆ្នាំដែលចាប់អាជីពជាអាជ្ញាកណ្តាលតាំងពីឆ្នាំ ២០១១ ត្រូវ​ចាប់ដៃ​គូ​ជាមួយអាជ្ញាកណ្តាលខ្សែបន្ទាត់ ២រូបទៀតមានលោក Christian Schiemann និង Claudio Rios ក្នុងប្រកួតដ៏ធំនេះ។ ចំណែកលោក Alexis Herrera សញ្ជាតិ​វេណេហ្ស៊ុយអេឡានឹងក្លាយជាមន្ត្រីទី៤ ខណៈដែល Julio Bascunan សញ្ជាតិ​ឈីលីនឹងដឹកនាំក្រុម VAR ។

ក្នុងប្រកួតធំៗ Roberto Tobar ធ្លាប់កាត់សេចក្តីការប្រកួតជើងទី ១ នៃក្របខណ្ឌ Copa Libertadores វគ្គផ្តាច់ព្រ័ត្ររវាង Boca Juniors និង River Plate កាលពីឆ្នាំមុន នឹងការប្រកួតជើង ២ Copa Sudamericana នៅឆ្នាំ ២០១៨ និងជើងទី២ South American Super Cup កាលពីដើមឆ្នាំ ២០១៩ នេះ។

ដោយឡែកក្នុងព្រឹត្តិការណ៍ Copa America 2019 ក្នុងប្រទេសប្រេស៊ីលនេះរូបលោកបានបានកាត់សេចក្តីលើការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្ររវាងប្រេស៊ីលនិងប៉ារ៉ាហ្គាយ ហើយទទួលបន្ទុកលើប្រព័ន្ធ VAR ក្នុងវគ្គជម្រុះតាមពូលរវាងក្រុមប្រេស៊ីលនិងវេណេហ្ស៊ុយអេឡា។

ប្រភព៖ Besoccer