អេហ្ស៊ីប បណ្តេញគ្រូជម្រើសជាតិ ឯប្រធានសហព័ន្ធចុះចេញពីតំណែង ក្រោយធ្លាក់ត្រឹមវគ្គ១៦ក្រុម AFCON

308

ក្រុមជម្រើសជាតិអេហ្ស៊ីប ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់លំដាប់ទ្វីបអាហ្វ្រិច Africa Cup of Nations ២០១៩ បានធ្លាក់ក្រោមថ្វីជើង អាហ្រ្វិកខាងត្បូង ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។​

បន្ទាប់ពីអស់ឳកាសប្រកួតប្រជែងនេះមក លោក Javier Aguirre ដែលជាគ្រូបង្គោលក្រុមជម្រើសជាតិអេហ្ស៊ីប ត្រូវបានសហព័ន្ធបណ្តេញចេញពីតំណែងត្រឹមនេះ ខណៈកិច្ចសន្យារបស់រូបគាត់នៅសល់ដល់ឆ្នាំ២០២២ ក៏ដោយក្តី។

លើសពីនេះទៀតសោត លោក Hany Abo Rida ដែលជាប្រធានសមាគមកីឡាបាល់ទាត់អេហ្ស៊ីប ក៏បានប្រកាសដាក់ពាក្យលាលែងពីតំណែង ដើម្បីបង្ហាញពីស្មារតីទទួលខុសត្រូវចំពោះលទ្ធផលមួយនេះផងដែរ ដែលក្នុងនាមរូបលោកជាអ្នកដឹកនាំជាម្ចាស់ផ្ទះនៃការរៀបចំការប្រកួតព្រឹត្តិការណ៍លំដាប់ទ្វីបនេះ។

មិនត្រឹមតែលោកប្រធានខាងលើនេះឡើយ បើតាមការបង្ហាញពីសមាគមបាល់ទាត់អេហ្ស៊ីប បុគ្គលិកផ្នែករដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ ដែលភាគច្រើនជាជំនួយការរបស់គាត់ ក៏បានប្រកាសចាកចេញពីតំណែងទាំងព្រមគ្នាផងដែរ៕