អ្នកជំនាញ​ថា Ancelotti ច្បាស់​ជានាំតារាឆ្នើមរូបនេះចូល Everton ខែក្រោយ

3183

ក្រោយកាន់កាប់បានតំណែងអ្នកចាត់ការក្រុម Everton លោក Carlo Ancelotti ដែលមានបទពិសោធន៍ និងសមត្ថភាពដឹកនាំក្រុមធំៗ ត្រូវបានគេរំពឹងថានឹងអាចនាំចូលកីឡាករកំពូលៗ នៅខែមករាខាងមុខ។

អ្នកជំនាញខាង Transfermarkt លោក Nicolo Schira បានរាយការណ៍ថាលោក Ancelotti ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Everton មានន័យថាកីឡាករមកពីក្លឹបចាស់មួយចំនួនរបស់លោក អាចនឹងមកដល់ទឹកដី Goodison Park ឆាប់ៗនេះ។

លោក Schira បន្តថា ជាក់ស្ដែង​ James Rodriguez គឺជាកីឡាករម្នាក់ ដែលត្រូវបានគេពិចារណាថាច្បាស់ជាមក ព្រោះខ្សែបម្រើកូឡុំប៊ីរូបនេះ កំពុងស្ថិតក្រៅជម្រើសក្រុមរបស់ Zinedine Zidane ក្រោយចេញពី Bayern Munich ត្រឡប់ទៅកាន់ទឹកដី Santiago Bernabeu វិញ។

ទៀតសោតរវាង James និង Ancelotti ពួកគេជាគ្រូ និងសិស្សតាំងពីនៅ Real Madrid និង Bayern München។ ហើយ​តម្លៃខ្លួនត្រឹម ៤២ លានផោនរបស់តារាវ័យ ២៨ ឆ្នាំរូបនេះក៏អាចមិនធ្វើឲ្យ Everton មានការរួញរារផងដែរ។