ឥណ្ឌូណេស៊ី តែងតាំង​​គ្រូដឹកនាំកូរ៉េ ឈ្នះអាឡឺម៉ង់ ២-០ នៅ World Cup ជាគ្រូបង្វឹក

213

ឥណ្ឌូនេស៊ី បានប្រកាស​តែងតាំងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង លោក Shin Tae-yong ជាគ្រូបង្វឹកក្រុមជម្រើស​ជាតិខ្លួន ដើម្បីដឹកនាំបន្តពីលោក Simon McMenemy ដែលជាគ្រូចាស់។

សហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី បានផ្តល់កុងត្រារយៈពេលវែងសម្រាប់លោក ដើម្បីដឹកនាំប្រកួតដែលនៅសល់ ក្នុងព្រឹត្តិការណ៍ជម្រុះ FIFA World Cup ២០២២។

លោក Shin មានតំណែងជាខ្សែបម្រើកាលនៅជាកីឡាករ របស់ក្លឹប Seongnam FC និង Queensland Roar FC លោកធ្លាប់ជាប់ជម្រើសជាតិក្នុងអំឡុងទសវត្សឆ្នាំ ១៩៩០។ ខណៈ​អាជីពជាគ្រូបង្វឹក ធ្លាប់ជួយឲ្យ Seongnam FC ឈ្នះពាន AFC Champions League ក្នុងឆ្នាំ ២០១០។

បុរសវ័យ ៤៩ ឆ្នាំរូបនេះក៏បានទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ដែលពួកគេបានបំបាក់ក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់ ២-០ យ៉ាងភ្ងាក់ផ្អើល។