សហព័ន្ធបាល់ទាត់ជាតិចិន CFA មានគម្រោងស្នើសុំប្រទេសថៃឲ្យធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតជម្រុះ World Cup ឆ្នាំ ២០២០ របស់ខ្លួន ខណៈដែលប្រទេសចិនកំពុងញុំាញីដោយវីរុសកូរ៉ូណា Covid-19។
ជម្រើសជាតិចិន និងត្រូវតទល់ជាមួយម៉ាឌីវ នៅថ្ងៃទី ២៦ខែមីនា និងជាមួយ Guam នៅថ្ងៃទី ៣១ខែមីនាខាងមុខ។ ការពិតទៅ ចិន ត្រូវធ្វើជាម្ចាស់ផ្ទះស្វាគមន៍តែក្រុមម៉ាឌីវមួយប៉ុណ្ណោះ ប៉ុន្តែម៉ាឌីវស្ទាក់ស្ទើរក្នុងការឆ្លងទៅកាន់ចិន ទើបចិនក៏សម្រេចសុំថៃឲ្យទទួលធ្វើជាម្ចាស់ផ្ទះ។
ចំណែក Guam វិញជាប្រទេសស្ថិតនៅដែនកោះអាមេរិក តែដោយសារសហរដ្ឋអាមេរិកបានផ្អាកមិនឲ្យជនជាតិចិន ឆ្លងចូលទឹកដីពួកគេមួយរយៈ ដោយសារតែភ័យខ្លាចពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ដូច្នេះទើបចិនសម្រេចអញ្ជើញ Guam ឲ្យទៅប្រកួតក្នុងប្រទេសថៃតែម្តង។
យោងតាមសារព័ត៌មានចិនបានរាយការណ៍ថា ប្រទេសថៃ បានយល់ព្រមលើសំណើររបស់ចិននេះហើយ គេក៏គ្រោងនឹងអនុញ្ញាតឲ្យយកកីឡដ្ឋាន Chang Arena របស់ក្លឹប Buriram United ដើម្បីរៀបចំការប្រកួត។ ប៉ុន្តែការប្រកួតនោះ នឹងត្រូវធ្វើឡើងជាលក្ខណៈបិទទ្វារ មិនស្វាគមន៍អ្នកគាំទ្រនោះទេ ដោយបារម្ភពីហនិភ័យនៃការឆ្លងមេរោគកូរ៉ូណា។
យ៉ាងណាមិញ សហព័ន្ធបាល់ទាត់ពិភពលោក FIFA និងសហព័ន្ធបាល់ទាត់អាស៊ី AFC នៅមិនទាន់សម្រេចជាផ្លូវការចំពោះគម្រោងនេះនៅឡើយទេ៕