AFC ដាក់ពិន័យអ្នកចាំទីឡាវ មិនឲ្យពាក់ព័ន្ធនិងបាល់ទាត់អស់មួយជីវិត

389

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចដាក់បម្រាមអ្នកចាំទីក្រុមជម្រើសជាតិឡាវ Thipphonexay Inthavongsa មិនឲ្យពាក់ព័ន្ធនិងបាល់ទាត់អស់មួយជីវិត ក្នុងករណីរៀបចំលទ្ធផលការប្រកួតទុកជាមុន។

ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី ៣០ ខែកក្កដា ២ ថ្ងៃមុនដោយ AFC ដែលសម្រេចដាក់វិន័យដល់អ្នកចាំទីវ័យ ២៨ ឆ្នាំ និងមិត្តរួមក្រុមមួយចំនួនទៀត ដែលបានកំណត់ពិន្ទុក្នុងការប្រកួតមិត្តភាពរវាងឡាវ និងក្រុមជម្រើសជាតិហុងកុងធ្វើឡើងកាលពីថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១៧ ។

នេះជាលើកទី ២ ហើយសម្រាប់កីឡាកររបស់ក្រុមជម្រើសជាតិឡាវ ដោយគេនៅចាំបានថា AFC ក៏បានចេញសេចក្តីសម្រេចពិន័យវិន័យស្រដៀងគ្នានឹងកីឡាករ ២ រូបទៀតគឺ Khampheng Sayavutthi និង Lembo Saysana។

AFC មិនបានបង្ហាញព័ត៌មានលម្អិតអំពីករណីនេះទេ។ ទោះយ៉ាងណាសហព័ន្ធកីឡាបាល់ទាត់អាស៊ីបញ្ជាក់ថាការពិន័យទាំងនេះឆ្លុះបញ្ចាំងពីការមិនអត់អោនចំពោះអ្នកដែលរៀបចំលទ្ធផលការប្រកួតទុកជាមុន។​