AFC Champions League រដូវកាល ២០២១ ត្រូវបានតំឡើងរហូតដល់ ៤០ ក្រុម

370

ពានរង្វាន់ AFC Champions League នឹងត្រូវដំឡើងរហូតដល់ ៤០ ក្រុមក្នុងរដូវកាលក្រោយ ២០២១ ខណៈ​អ្នកជិតខាងយើងថៃមាន ២ ក្រុមឡើងទៅចាប់ពូលស្វ័យប្រវត្តិ។

នាពេលបច្ចុប្បន្នការប្រកួតបាល់ទាត់ក្លឹបកំពូលប្រចាំតំបន់អាស៊ីមួយនេះមាន ៣២ ក្រុមបែងចែកជា ៨ ពូល ដោយពូលនីមួយៗមាន ៤ ក្រុម។

ក្នុងចំណោម ៨ ពូលមាន ៤ ពូលជារបស់ក្រុមមកពីអាស៊ីខាងលិច (ពូល A ដល់ D) ៤ ពូលផ្សេងទៀតមានក្រុមមកពីអាស៊ីបូព៌ា (ពូល E ដល់ H)។

អគ្គលេខាធិការសមាគមបាល់ទាត់ថៃ (FAT) លោក Patit Supaphong ដែលបានចូលរួមកិច្ចប្រជុំតាមអ៊ិនធើណែតជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងមន្រ្តី UEFA កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានឲ្យដឹងថា AFC ឥឡូវនេះបានសំរេចដំឡើងចំនួ​នក្រុមរហូតដល់ ៤០ ក្រុមមានន័យថារដូវកាល ២០២០ នេះនឹងក្លាយជាការប្រកួតចុងក្រោយនៃពានរង្វាន់ AFC Champions League ដែលមាន ៣២ ក្រុម។

លោកបានបន្ថែមទៀតថា នេះអាចមានន័យថាកូតារបស់ប្រទេសថៃនៅក្នុងវគ្គចែកពូលនៃការប្រកួតនឹងត្រូវបានកើនឡើងទ្វេដងគឺមាន ២ ក្រុមឡើងទៅចាប់ពូលស្វ័យប្រវត្តិ។