AFF ចង់លើក Suzuki Cup ទៅឆ្នាំ ២០២១ តែខាងភាគីវៀតណាមជំទាស់

106

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ដ៏ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup ទំនងជាមិនកើតឡើងនៅចុងឆ្នាំនេះទេ វាគួរតែត្រូវបានពន្យារពេលដល់ឆ្នាំ ២០២១។

AFF Suzuki

ក្រោមកិច្ចប្រជុំពិភាក្សារបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ថ្មីៗនេះ មានមតិក្នុងអង្គប្រជុំភាគច្រើនយល់ថាការរីករាលដាលនៃជំងឺកូវីដ-១៩ អាចនឹងបន្តរហូតដល់ដំណាច់ឆ្នាំនេះ ហើយស្ថានភាពនឹងប៉ះពាល់ដល់ការប្រកួតប្រជែង។

សមាជិកក្នុងកិច្ចប្រជុំមួយចំនួនក៏បានលើកឡើងថាការប្រកួតប្រជែងនឹងត្រូវធ្វើឡើងនៅឆ្នាំ ២០២១ ដោយសង្ឃឹមថាស្ថានភាពនឹងធូរស្រាលបន្តិចជាពិសេសនៅក្នុងប្រទេសដែលមានការឆ្លងខ្ពស់។

ទោះយ៉ាងណា អ្នកតំណាងមកពីប្រទេសវៀតណាម លោក Tran Quoc Tuan មិនយល់ស្របនឹងសំណើរនេះទេពីព្រោះលោកយល់ថាឆ្នាំ ២០២១ គឺជាឆ្នាំដែលពោរពេញទៅដោយព្រឹត្តិការណ៍កីឡាផ្សេងៗដូចជាអូឡាំពិកទីក្រុងតូក្យូ ព្រឹត្តិការណ៍ U-20 FIFA World Cup និង EURO ជាដើម។

Piala AFF Suzuki

បន្ថែមពីនេះ ប្រសិនបើការប្រកួត AFF Cup ត្រូវបានធ្វើឡើងនៅឆ្នាំ ២០២១ ផងដែរនោះ ការព្រួយបារម្ភចម្បងនោះគឺអ្នកគាំទ្រនឹងផ្តោតការយកចិត្តទុកដាក់លើការប្រកួតដទៃទៀតដែលធំជាងការប្រកួត AFF Suzuki Cup នេះ។

យ៉ាងណាមិញ កិច្ចប្រជុំនឹងត្រូវធ្វើឡើងម្តងទៀតនៅថ្ងៃទី ៣០ ខែកក្កដា ដើម្បីសម្រេចថាតើការប្រកួតប្រជែងនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ ឬនៅឆ្នាំ ២០២១។