AFF U15៖ គ្រូបង្វឹក​ម៉ាឡេស៊ី ចោទឡាវថាធ្វើស៊ីអាយុកីឡាករ

309

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានបើកការស៊ើបអង្កេតលើបណ្តឹងពីប្រទេសមួយដែលមិនបញ្ចេញឈ្មោះ ដែលចោទប្រកាន់ពីអាយុរបស់កីឡាករខុសប្រក្រតីក្នុងព្រឹត្តិការណ៍ AFF U15 Championship 2019 ។

ក្នុងចំណោមនោះគេជឿជាក់ថាអាចជាកីឡាករ Paulo Freitas ដែលជាប្រធានក្រុមជម្រើសជាតិទីម័រខាងកើត U-15 ដែលកំពុងឈរនៅលើកំពូលតារាងពូល B នៃក្រុមយុវជនដែលត្រូវបានគេចោទប្រកាន់ថាមិនមានអាយុ ១៥ ឆ្នាំឬក្រោម ១៥ ឆ្នាំទេប៉ុន្តែមានអាយុ ២២ ឆ្នាំ ព្រោះយុវជនរូបនេះធ្លាប់ចូលលេងក្នុងពានរង្វាន់ AFF Suzuki Cup 2018 ។

Freitas រកបានសរុប ៥ គ្រាប់ក្នុងព្រឹត្តិការណ៍ AFF U15 រហូតមកដល់ពេលនេះគឺ ៤ គ្រាប់ក្នុងជ័យជម្នះ ៧-១ លើហ្វីលីពីននិង ១ គ្រាប់ក្នុងលទ្ធផលស្មើ ១-១ ទល់នឹងឥណ្ឌូនេស៊ី ដែលប្រទេសទាំងនេះត្រូវគេប៉ាន់ស្មានថាអាចជាភាគីដើមបណ្តឹង។

លោក Maniam គ្រូបង្វឹកក្រុមម៉ាឡេស៊ី U-15 គឺជាអ្នកដែលបានចេញមុខនូវការចោទប្រកាន់បន្ថែមទៀតក្នុងខណៈដែលលោកកំពុងសម្ភាសជាមួយកាសែត New Straits Times ។ លោកបាននិយាយថា “លោកមានការសង្ស័យលើខ្សែប្រយុទ្ធឡាវម្នាក់គឺកីឡាករ Phomma Khotphouthone ដែលមើលទៅគេអាចមានអាយុប្រហែល ១៨ ឬ ១៩ ឆ្នាំ ប៉ុន្តែខ្ញុំមិននិយាយច្រើនទេ ហើយក៏មិនមានគម្រោងប្តឹងពួកគេដែរ” ។

គ្រូបង្វឹក​ខាងលើក៏បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍ AFF U15 Championship 2019 គឺមិនបានតម្រូវឱ្យឆ្លងកាត់ការវាស់តេស្តដង់ស៊ីតេឆ្អឹងសម្រាប់ការផ្ទៀងផ្ទាត់អាយុនៅក្នុងការប្រកួតនេះទេ។ ដូច្នេះក្រុមខ្លះប្រហែលជាបានចុះឈ្មោះកីឡាករដែលមានអាយុលើស។ គោលដៅសំខាន់របស់ក្រុមយើងគឺការប្រកួតជម្រុះពានរង្វាន់ AFC U16 Championship នៅប្រទេសឡាវក្នុងខែកញ្ញា។ ហើយចំពោះសមាជិកកីឡាករប្រចាំក្រុមទាំងអស់ ត្រូវគេជូនដំណឹងថាចាំបាច់ត្រូវផ្តល់នូវលទ្ធផលតេស្តដង់ស៊ីតេឆ្អឹងរបស់កីឡាករសម្រាប់ការផ្ទៀងផ្ទាត់មុនការប្រកួតជម្រុះនេះ” ។

ប្រភព៖ Fox Sport Asia