ក្លិបយក្សថៃ Buriram United បានបញ្ចប់រដូវកាលដោយមិនបានឈ្នះពានអ្វីសោះជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំ។ ដោយថ្មីៗនេះបានរបូតពាន Thai League 1 ទៅក្រុមគូរប្រជែង Chiangrai United រដូវកាល ២០១៩ នេះ។
សម្រាប់ពាន Thai League Cup 2019 ក្រុម Buriram United បានធ្លាក់ក្រោមស្នាដៃ PT Prachuap FC នៅក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីខែកញ្ញា ខណៈ FA Cup ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបានចាញ់ក្រុម Ratchaburi Mitr Phol FC។
ដោយឡែក ចំពោះស្ថានភាពក្រុមបច្ចុប្បន្នគេសង្កេតឃើញថាហាក់មិនមានភាពប្រសើរឡើយ ចាប់តាំងពីការចាកចេញរបស់ខ្សែប្រយុទ្ធប្រេស៊ីល Diogo Luis Santo ទៅចូលរួមជាមួយក្រុម Johor Darul Ta’zim (JDT) របស់ម៉ាឡេស៊ីកាលពីឆ្នាំមុន។
បើយោងតាមប្រភព SMMSport បានរាយការណ៍ថា Buriram United បានមានបំណងនាំយកអតីតខ្សែប្រយុទ្ធធ្លាប់លេងនៅក្របខ័ណ្ឌ Premier League កីឡាករ Adam le Fondre មកចូលរួមនៅរដូវកាលក្រោយ។
Le Fondre បច្ចុប្បន្នមានវ័យ ៣២ឆ្នាំ កំពុងលេងឲ្យក្រុម Sydney FC ក្នុងលីគកំពូលអូស្រ្តាលី (A League)។ រូបគេធ្លាប់បង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌ Premier League ជាមួយក្លិប Reading ក្នុងរដូវកាល ២០១២-១៣ ដោយស៊ុតបញ្ចូលទីបាន ១២ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៤ លើកសម្រាប់ក្រុម។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ក៏មានបទពិសោធន៍លេងឲ្យក្លិបមួយចំនួនដូចជា Bolton Wanderers, Wolverhampton Wanderers និង Cardiff City ក្នុងក្របខ័ណ្ឌ Championship។
ប្រភព៖ Fox Sport Asia