Buriram United ទិញបានខ្សែប្រយុទ្ធអ៊ីស្រាអែលម្នាក់ទៀត ជាកីឡាករបរទេសទី ៤ ដែលក្លឹបនាំចូលរដូវកាលនេះ

428

ក្លឹបយក្សថៃ Buriram United ត្រូវបានគេរាយការណ៍បានឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធជនជាតិអ៊ីស្រាអែល Gidi Kanyuk។​

Gidi Kanyuk បច្ចុប្បន្ន​មានវ័យ ២៧ ឆ្នាំជាកីឡាកររបស់ក្លឹបក្របខណ្ឌលីគកំពូលអ៊ីស្រាអែល Hapoel Haifa និងជាអតីតកីឡាកររបស់ក្លឹបយក្សអ៊ីស្រាអែល Maccabi Tel Aviv អំឡុងរដូវកាលឆ្នាំ ២០១៨​។​

ខ្សែប្រយុទ្ធ​កម្ពស់ ១,៧៩ ម៉ែត្ររូបនេះ នឹងក្លាយជាកីឡាករបរទេសទី ៤ របស់ក្លឹបម្ចាស់ជើងឯកលីគកំពូលថៃ ៦ សម័យ បន្ទាប់ពីកីឡាករ Renato Kelić ជនជាតិ​ក្រូអាត, Marko Šćepović ជនជាតិស៊ែប៊ី និង Akbar Ismatullaev ជនជាតិអ៊ូបេគីស្ថាន។​

Gidi Kanyuk អាចលេងបានច្រើនតំណែងដូចជា ប្រយុទ្ធកណ្តាល ស្លាបឆ្វេងស្តាំ ជាមួយនឹងបច្ចេកទេសល្បឿន និងស្ទាយលេងរហ័ស រូបគេក៏ធ្លាប់ជាប់ក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិអ៊ីស្រាអែល U-18 និង U-19 ផងដែរ។​