Cabaye អាចនឹងផ្លាស់មកលេងឲ្យក្រុមមួយនៅ V-League ដើម្បីបំពេញបំណងមនុស្សម្នាក់

537

ប្រភពពីសារព័ត៌មានវៀតណាមបានឲ្យដឹងថា អតីតខ្សែបម្រើក្លឹបអង់គ្លេស Newcastle United កីឡាករ Yohan Cabaye បានកំពុងពិភាក្សាអំពីលទ្ធភាពនៃការលេងនៅក្របខ័ណ្ឌបាល់ទាត់លីគកំពូលវៀតណាម V.League ឆ្នាំ ២០២១ នាពេលខាងមុខនេះ។

Yohan Cabaye បច្ចុប្បន្នកំពុងគ្មានក្លឹបលេង ក្រោយកិច្ចសន្យាជាមួយក្លឹប Ligue 1 បារាំង Saint-Etienne បានផុតកំណត់តាំងពីកន្លះឆ្នាំមុនម្លេះ ។

កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ មានជីដូនជាជនជាតិវៀតណាម ដែលនេះហើយជាមូលហេតុចម្បងនៃការចាប់អារម្មណ៍ក្នុងការមកលេងឲ្យប្រទេសអាស៊ានមួយនេះ ។

ម្យ៉ាងវិញទៀត មុនពេលលោកយាយទទួលមរណភាព គាត់ក៏ធ្លាប់បានប្រាប់ Cabaye ដើម្បីលេងក្នុងប្រទេសវៀតណាមយ៉ាងហោចណាស់ក៏បានម្តងផងដែរ ។

អំឡុងព្រឹត្តិការណ៍ពានរង្វាន់ Asian Cup ឆ្នាំ ២០១៩ នៅអារ៉ាប់រួម រវាងក្រុមជម្រើសជាតិវៀតណាមនិងហ្ស៊កដានី Cabaye បានធ្លាប់ទិញសំបុត្រទៅទស្សនាដោយផ្ទាល់ នឹងបានសរសេរបង្ហោះនៅលើគណនី Instagram អំពីអារម្មណ៍របស់ខ្លួនលើក្រុមជម្រសជាតិវៀតណាមយ៉ាងដូច្នេះថា “ខ្ញុំនឹងមិនខកខានឱកាសបានឃើញក្រុមបាល់ទាត់វៀតណាមឡើយ ប្រទេសវៀតណាមគឺជាអ្វីដែលពិសេសសម្រាប់ខ្ញុំ ខ្ញុំ​ស្រលាញ់​អ្នក” ។

គួរដឹងផងដែរថា Cabaye ធ្លាប់លេងឲ្យក្រុមបារាំង Lille រួមជាមួយខ្សែប្រយុទ្ធ Real Madrid  បច្ចុប្បន្ន Eden Hazard នឹងបានជួយក្រុមឈ្នះជើងឯក Ligue 1 ក្នុងរដូវកាលឆ្នាំ ២០១០-២០១១ និងពានរង្វាន់ French League Cup ។

ក្រោយមកបានផ្លាស់ទៅលេងឲ្យក្លឹប Newcastle នឹង PSG មុនពេលចូលរួមជាមួយ Crystal Palace ក្នុងតម្លៃផ្ទេរ ១០ លានផោន។ សម្រាប់ក្រុមជម្រើសជាតិបារាំង Cabaye បង្ហាញខ្លួនបាន ៤៨ ប្រកួតនិងរកបាន ៤ គ្រាប់។