ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland នៅតែបន្តរកគ្រាប់បាល់ឲ្យ Red Bull Salzburg ជាថ្មីម្តងទៀត ដោយបង្អាក់ដំណើរក្រុមអុីតាលី Napoli មិនទាន់ឲ្យក្លាយជាក្រុមដំបូងដែលអាចឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយបាន។
កីឡាករសញ្ជាតិន័រវេសវ័យ ១៩ ឆ្នាំបានក្លាយជាកីឡាករដំបូងដែលអាចរកបាន ៧គ្រាប់គិតត្រឹម ៤ប្រកួតបើកឆាក លើស Raul និង Kylian Mbappe ដែលរកបានត្រឹម ៦គ្រាប់ និងក្លាយជាកីឡាករទី ៤ ក្នុងប្រវត្តិសាស្ត្រ Champions League ដែលអាចរកបានគ្រាប់បាល់បាន គ្រប់ការប្រកួតក្នុង ៤ ប្រកួតដំបូងរបស់គាត់ដែលមាន Ze Carlos, Alessandro Del Piero និង Diego Costa។
ការប្រកួតនៅទឹកដីអុីតាលី ក្រុមអូទ្រីស Salzburg ជាអ្នកនាំមុខមុនតាមរយៈគ្រាប់បាល់ពិន័យ ១១ម៉ែត្ររបស់ Erling Haaland នៅនាទី ១១’ មុនពេល Hirving Lozano ស៊ុតឲ្យ Napoli តាមស្មើវិញដោយបញ្ចប់លទ្ធផល ១-១។ Napoli អាចមានឪកាសទៅវគ្គ ១៦ ក្រុមចុងក្រោយបើសិនជាទទួលបានជ័យជម្នះ។
ផ្ទុយទៅវិញ ក្រុមអុីតាលីមួយនេះបានធ្លាក់មកឈរនៅលេខ ២ ក្នុងពូលតាមពីក្រោយក្រុម Liverpool ១ពិន្ទុដែលបានយកឈ្នះ ២-១ លើក្រុម Genk របស់បែលហ្ស៊ិកនៅ Anfield ក្នុងយប់ជាមួយគ្នា។