Felix ថា ចាន់ វឌ្ឍនាកា អាចនឹងបង្ហាញខ្លួននៅប្រកួតក្រោយ

371

លោក Felix គ្រូបង្គោលជម្រើសជាតិកម្ពុជា បានថ្លែងក្នុងសន្និសិតកាសែត ការប្រកួតរវាង ក្រុមជម្រើសជាតិកម្ពុជា និង ហុងកុង ក្នុងវគ្គជម្រុះ​ World Cup ជុំទី២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះថា កីឡាករ ចាន់ វឌ្ឍនាកា អាចនឹងបង្ហាញខ្លួនក្នុងការប្រកួតក្រោយៗបន្ទាប់របស់កម្ពុជា។

ជុំវិញរឿងនេះលោកបានសង្កត់ធ្ងន់ថា កីឡាករនេះគឺជាកីឡាករល្អ តែលោកមានទម្រង់លេង និង លក្ខណ្តិកៈក្នុងការជ្រើសរើសកីឡាករ ដូចនេះ ប្រសិនបើកីឡាកររូបនេះ ធ្វើបានល្អ និង បង្ហាញពីឆន្ទះ និង មានការត្រៀមខ្លួនបានយ៉ាងល្អក្នុងការលេងឱ្យជម្រើសជាតិ ប្រាកដណាស់គេនឹងអាចជាប់ជម្រើសជាតិនៅប្រកួតក្រោយៗ។

គួរបញ្ជាក់ដែរថា នៅប្រកួតក្រោយនាថ្ងៃទី១០ ខែកញ្ញា សប្តាហ៍ក្រោយខាងមុននេះ កម្ពុជា និង ត្រូវទទួលក្រុម ប៉ារែន នៅជើងទី២នេះ ដោយកម្ពុជា នឹងត្រូវអវត្តមានកីឡាករវ័យក្មេង សៀង ចន្ធា ត្រូវទៅហ្វឹកហាត់នៅជប៉ុន ហើយ ប្រាក់ មុន្នីឧត្តម និង ធារី ចន្ថានប៊ីន នៅមិនទាន់​ជាសះស្បើយទៀត ដូចនេះវាអាចជាឱកាសរបស់ វឌ្ឍនាកា ក្នុងការដណ្តើមកៅអីជម្រើសជាតិមកវិញ៕