ខ្សែបម្រើ Marouane Fellaini របស់ក្លឹបចិន Shandong Luneng កំពុងមានទំនាក់ទំនងជាមួយក្លឹប Tottenham Hotspur របស់អង់គ្លេស ប៉ុន្តែគាត់បានបដិសេដ ដោយហេតុថាបច្ចុប្បន្នរូបគេសប្បាយចិត្តនៅក្លឹបចិន។
Fellaini បានច្រានចោលសំណើរវិលមកចូលរួមជាមួយអតីតគ្រូខ្លួន Jose Mourinho នៅខែមករាខាងមុខ។ កីឡាករវ័យ ៣២ ឆ្នាំ ធ្លាប់បានលេងក្រោមការដឹកនាំរបស់លោក Jose កាលនៅបិសាចក្រហម Manchester United ហើយត្រូវបានគេចាត់ទុកជាគោលដៅសម្រាប់ក្រុម Spurs នៅពេលទីផ្សារដោះដូរកីឡាករនៅខែក្រោយ។
Fellaini បាននិយាយថា៖ “ Jose ជាមនុស្សខ្ញុំគោរព ខ្ញុំឧស្សាហ៍មានទំនាក់ទំនងជាមួយគាត់ជាញឹកញាប់។ គាត់បានដឹកនាំ Spurs ហើយគាត់ធ្វើបានល្អ ខ្ញុំសូមជូនពរឱ្យគាត់មានសុខភាពល្អ ប៉ុន្តែខ្ញុំកំពុងនៅកន្លែងល្អនៅពេលនេះ”។
Fellaini បានផ្លាស់ទៅប្រទេសចិនកាលពីខែកុម្ភៈឆ្នាំ ២០១៩ និងបានជួយ ឲ្យ Shandong ទទួលបានចំណាត់ថ្នាក់លេខ ៥ ក្នុងរដូវកាលដំបូងរបស់គាត់ជាមួយក្លឹប។