ក្រុម Guangzhou Evergrade បានបន្តនាំមុខគេក្នុងតារាងក្របខណ្ឌលីគកំពូលចិន Chinese Super League ក្រោយយកឈ្នះក្រុមលេខ២ Beijing Guoan ដល់ផ្ទះ។
ការប្រកួតថ្ងៃអាទិត្យម្សិលមិញនៅទឹកដីរដ្ឋធានីប៉េកាំង កំហុសរបស់ខ្សែការពារក្រុមម្ចាស់ផ្ទះធ្វើអោយក្រុមភ្ញៀវGuangzhou Evergrande រកបានគ្រាប់នាំមុខតាំងពីនាទីទី១០’ ដោយកីឡាករប្រេស៊ីល Paulinho។ តែក្រុមម្ចាស់ផ្ទះតាមស្មើវិញបានភ្លាមៗដោយ Zhang Yuning នៅនាទីទី ១៧’។
ឈានចូលវគ្គទី២ ក្រុមភ្ញៀវដែលស្ថិតក្រោមការដឹកនាំរបស់ Fabio Cannavaro គ្រប់គ្រងការប្រកួតបានទាំងស្រុង និងរកគ្រាប់បាល់បន្ថែម២គ្រាប់ទៀតដោយ Elkeson នាទី៥២’ និង Yang Liyu នាទី៥៩’។
ចប់ការប្រកួត Guangzhou Evergrande យកឈ្នះក្រុមម្ចាស់ផ្ទះ Beijing Guoan ៣-១ បន្តពន្លាតពិន្ទុនាំមុខដាច់ក្នុងតារាងដល់ទៅ ៧ពិន្ទុពីលើក្រុមលេខ២ Beijing ក្រោយលេងបានសរុប ២២ ប្រកួត៕