Iniesta ត្រូវជួយ Kobe រំលងសាកសពក្រុមកូរ៉េមួយទៀតមុនឡើងផ្តាច់ព្រ័ត្រ ACL

277

ក្រោយជាកម្លាំងស្នូលក្នុងការនាំ Vissel Kobe បោះជំហានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Champions League ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ខ្សែបម្រើអេស្ប៉ាញ Andrés Iniesta នឹងបន្តត្រូវធ្វើការធ្ងន់ ក្នុងការជួយ Kobe ប៉ះក្រុមខ្លាំងមកពីកូរ៉េខាងត្បូងមួយទៀតគឺ Ulsan Hyundai ។

Iniesta បានធ្លាប់ឈ្នះពានរង្វាន់ក្លឹបល្អបំផុតប្រចាំទ្វីបអឺរ៉ុប ឫ UEFA Champions League ចំនួន ៤ លើកមកហើយជាមួយក្រុមអេស្ប៉ាញ Barcelona ។

ខណៈពានរង្វាន់កំរិតទ្វីបអាស៊ីឯនេះវិញ ខ្សែបម្រើវ័យ ៣៦ ឆ្នាំនៅតែអាចមានលទ្ធភាពឈ្នះបានដរាបណាបំបាក់ Ulsan ដើម្បីបន្តទៅជួបក្រុមរបស់អ៊ីរ៉ង់ Persepolis នៅវគ្គផ្តាច់ព្រ័ត្រ ។

Vissel Kobe និងត្រូវតតាំងទល់នឹង Ulsan Hyundai នៅវេលាម៉ោង ៥:០០ នាទីល្ងាចថ្ងៃនេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Champions League ។ ស្ថិតិក្រុមទាំងពីរមិនដែលមានប្រវត្តិជួបគ្នាពីមុនមកទេ។