Kiatisuk ចុច ៣ នាក់ក្នុងរូប គ្រោងនាំមកលេងក្រោមការដឹកនាំរបស់លោកនៅ Hoang Anh Gia Lai

280

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិថៃលោក Kiatisuk Senamuang ឈ្មោះក្រៅហៅ Zico ត្រូវបានក្លឹបលីគកំពូលវៀតណាម Hoang Anh Gia Lai FC តែងតាំងជាលើកទី ២ ក្នុងនាមជាអ្នកចាត់ការក្រុម ។

បុរសវ័យ ៤៧ ឆ្នាំនិងហោះទៅកាន់ប្រទេសវៀតណាមនៅថ្ងៃទី ១៧ ខែធ្នូហើយអនុវត្តន៍តាមគោលការណ៍សុខាភិបាល ដោយដាក់ដាច់ដោយឡែក ១៤ ថ្ងៃមុនប្រកាសជាផ្លូវការ។

កាលពីពេលថ្មីៗ នេះសារព័ត៌មានវៀតណាមបានរាយការណ៍ថា Hoang Anh Gia Lai FC បានដោះលែងកីឡាករបរទេសអស់ពីក្រុម ដោយនៅសល់តែម្នាក់ប៉ុណ្ណោះ ដើម្បីបើកតំបន់ទំនេរសម្រាប់កីឡាករថៃ ព្រោះថាក្របខ័ណ្ឌ V-League បច្ចុប្បន្នគ្មានកូតាកីឡាករអាស៊ានទេ ។

ទន្ទឹមជាមួយគ្នានេះ Zico ដែលធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិថៃឱ្យទទួលបានសមទិ្ធផលធំៗនោះ គឺលោកគ្រោងនឹងនាំយកអតីតកូនសិស្សទៅចូលរួមជាមួយផងដែរ ។

Zico ត្រូវបានគេរំពឹងថានឹងមានកិច្ចព្រមព្រៀងនាំយកកីឡាករ ៣ រូបសំខាន់ៗ រួមមាន៖

– ខ្សែប្រយុទ្ធស្លាប Nurul Sriyankem (ក្លឹប Ratchaburi Mitr Phol)

Nurul Sriyankem ជាកីឡាកររបស់ក្លឹប Chonburi FC ប៉ុន្តែដោយសារតែមិនមានកៅអីទំនេរសម្រាប់រូបគេក្នុងជម្រើសដំបូង កីឡាករវ័យ ២៨ ឆ្នាំក៏ត្រូវគេដាក់ឲ្យក្លឹប Chiangrai United, Port FC និងចុងក្រោយនេះ Ratchaburi Mitr Phol ដើម្បីខ្ចីជើង ។

– ខ្សែបម្រើ Kroekrit Thaweekarn (ក្លឹប Chonburi FC)

អតីតខ្សែបម្រើក្រុមជម្រើសជាតិថៃវ័យ ៣០ រូបនេះអ្នកគាំទ្រវៀតណាមចាំមិនភ្លេចឡើយ គ្រាដែលរូបគេស៊ុតបញ្ចូលទីប្រឆាំងក្រុមជម្រើសជាតិវៀតណាមមួយគ្រាប់យ៉ាងស្អាតនៅឆ្នាំ ២០១៥ ក្នុងព្រឹត្តិការណ៍ជម្រុះ World Cup ។ Kroekrit តែងតែជាជម្រើស ១១ នាក់ដំបូងជានិច្ចសម្រាប់ក្រុមជម្រើសជាតិថៃអំឡុងពេលគ្រូបង្វឹកលោក Kiatisuk Senamuang កាន់តំណែង ។

– ខ្សែប្រយុទ្ធ Mongkol Tossakrai (ក្លឹប Trat FC)

Mongkol ក៏ជាសិស្សសំណប់ចិត្តរបស់ Zico ផងដែរពេលនៅក្រុមជម្រើសជាតិ។ កីឡាករវ័យ ៣៣ ឆ្នាំបង្ហាញខ្លួនបាន ៤១ ប្រកួតនិងរកបាន ១០ គ្រាប់សម្រាប់ក្រុមដំរីសឹក ។ គុណសម្បត្តិរបស់គេគឺធ្លាប់ជួយថៃឈ្នះពាន AFF Suzuki Cup ២០១៤ និង ២០១៦ ។