Kobe ប៉េទំលាក់ Suwon ៧-៦ ឡើងពាក់កណ្តាលផ្តាច់ព្រ័ត្រ ACL លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លឹប (វីដេអូ)

304

ក្រុមជប៉ុន Vissel Kobe បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Champions League ក្រោយជ័យជម្នះលើក្រុមកូរ៉េខាងត្បូង Suwon Bluewings ដោយលទ្ធផលបាល់ប៉េណាល់ទីកាត់សេចក្តី ៧-៦ បន្ទាប់ពីបញ្ចប់គ្នាស្មើ ១-១ ។

ការប្រកួតគ្នារវាងក្រុមអាស៊ីបូពា៌ទាំង ២ នៅទឹកដីកាតាកាលពីម្សិលមិញនេះ Vissel Kobe ត្រូវបាន Suwon Bluewings នាំមុខតាំងពីនាទី ៧’ ។ រហូតឈានដល់នាទី ៣៨’ ទើបខ្សែបម្រើ Tae-Hwan Kim របស់ Suwon ទទួលបានកាត់ក្រហមបណ្តេញចេញ ដែលជាឪកាសសម្រាប់ Kobe តាមស្មើនៅនាទី ៤០’ ដោយកីឡាករ Kyogo Furuhashi ។

ទោះបីជាលេងគ្នា ១១ ទល់ ១០ នាក់យ៉ាងណាក្តី ក្រុមជប៉ុនដែលមានខ្សែបម្រើឆ្នើមអេស្ប៉ាញ Andres Iniesta នៅតែមិនអាចយកជ័យជម្នះពីសំណាក់ក្រុមកូរ៉េខាងត្បូងមួយនេះបាននៅម៉ោងធម្មតា។ ការប្រកួតបានឈានទៅបន្ថែមម៉ោង ១៥ នាទី ២ ដងនិងបន្តទៅកាត់សេចក្តីតាមរយៈបាល់ប៉េណាល់ទី ។

 

ជាលទ្ធផល Vissel Kobe ដែលទម្រង់លេងល្អតាំងពីដើមទីមកនោះ ក៏បានស៊ុត ៧ គ្រាប់គ្មានខុសមួយជួយក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Champions League លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លឹប ។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Vissel Kobe និងត្រូវជួបក្រុមមកពីកូរ៉េខាងត្បូងមួយទៀតគឺ Ulsan Hyundai ដែលបានយកឈ្នះក្រុមចិន Beijing Guoan ២-០ ក្នុងថ្ងៃជាមួយគ្នានៅ ២ ថ្ងៃបន្ទាប់ ។