Koeman ថា Barca មិនមានកិច្ចព្រមព្រៀងណាមួយយក Depay ពី Lyon ទេ

96

លោក Ronald Koeman អ្នកចាត់ការក្រុម Barcelona បាននិយាយថាក្លឹបមិនទាន់ឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Memphis Depay ពីក្រុម Lyon ឡើយ។

របាយការណ៍កាលពីថ្ងៃច័ន្ទបានលើកឡើងថា Barcelona បានយល់ព្រមលើតម្លៃខ្លួន ២៥ លានផោនសម្រាប់ Depay នោះមិនពិតទេ នេះបើតាមប្រភពដែលស្និទ្ធនឹងក្លឹបបានប្រាប់ ESPN ។

Koeman ដែលធ្លាប់បង្វឹក Depay ក្នុងតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់បាននិយាយថាកីឡាករចាំបាច់ត្រូវលក់មុនពេល Barca អាចគិតអំពីការនាំចូលសមាជិកថ្មី។

គ្រូបង្វឹករូបនេះបានប្រាប់សារព័ត៌មាន Fox Sports របស់ហូឡង់ថា៖ «យើងកំពុងធ្វើការឆ្ពោះទៅរករដូវកាលថ្មី ហើយខ្ញុំគិតថាយើងនឹងប្រើកីឡាករដែលយើងមានស្រាប់ពីរដូវកាលមុន»។

Depay វ័យ ២៦ ឆ្នាំត្រូវបាន Barcelona ចាត់ទុកថាជាគោលដៅមួយ ដែលអាចធ្វើទៅបានប៉ុន្តែជំហរហិរញ្ញវត្ថុរបស់ក្លឹបដែលកាន់តែអាក្រក់ទៅ ៗ អំឡុងពេលមានជំងឺ Covid-19 នេះមានន័យថាពួកគេត្រូវការលក់កីឡាករនិងកាត់បន្ថយការចំណាយ។