ជំនួបធំបំផុតនៅអេស្ប៉ាញរវាងក្លិបយក្សទាំងពីរ Barcelona និង Real Madrid គ្រោងធ្វើនៅទឹកដី Nou Camp របស់ Barcelona នៅថ្ងៃទី២៦ ខែតុលាខាងមុខនេះ តែថ្មីៗនេះស្ថាប័នលីគកំពូលអេស្ប៉ាញ La Liga ចង់អោយការប្រកួតនេះលើកទៅលេងនៅទឹកដី Santiago Bernabeu របស់ Real Madrid មុនដោយសារបញ្ហានៅតំបន់កាតាឡាន់។
មូលហេតុដែល La Liga ចង់អោយមានកែប្រែនេះគឺដោយហេតុថា ស្ថានភាពនៅតំបន់កាតាឡាន់កំពុងមានភាពជ្រួលច្របល់ ក៏ព្រោះតែមានការតវ៉ាចំពោះការកាត់ទោស សកម្មជនទាមទារឯករាជ្យកាតាឡាន់ អោយជាប់ពន្ធនាគារថ្មីៗនេះ។ ការតវ៉ាបានកាន់តែរីករាលដាលធំ ដែលរួមមានការប៉ះទង្គិចរវាងក្រុមបាតុករ ជាមួយនគរបាលនៅអាកាសយានដ្ឋាន ដែលឈានដល់ការផ្អាកដំណើរថែមទៀត ក៏ដូចជាមានតវ៉ានៅមុខអគារសាលាក្រុងផងដែរ។ មិនទាន់ចប់ទេ ក្រុមបាតុករដែលគេស្គាល់ថា ជាចលនាទាមទារឯករាជ្យផ្តាច់តំបន់កាតាឡាន់ពីអេស្ប៉ាញមួយនេះ ក៏មានគំរោងធ្វើបាតុកម្មដ៏ធំទៀតនៅថ្ងៃទី២៦ ខែតុលាខាងមុខនេះ ដែលជាថ្ងៃប្រកួតនៃជំនួប El Clasico, Barcelona និង Real Madrid តែម្តង។
យ៉ាងណាក្តីសេចក្តីប្រកាសចុងក្រោយនឹងសំរេចថ្ងៃព្រហស្បតិ៍នេះថា លើក រឺមិនលើក ដោយភាគីទាំងអស់ La Liga, សហព័ន្ធបាល់ទាត់អេស្ប៉ាញ តំណាងក្លិប Barcelona និង Real Madrid ជួបគ្នាប្រជុំថ្ងៃនេះ។ បើសិនជាមានការផ្លាស់ប្តូរមែនមានន័យថា ការប្រកួតជើងទីមួយ El Clasico នឹងធ្វើនៅទឹកដី Real Madrid មុននៅថ្ងៃទី ២៦ ខែតុលាខាង ខណៈជើងទីពីរត្រលប់ទៅទឹកដី Barcelona នៅខែមិនាឆ្នាំក្រោយ៕