Ligue 1 តម្រូវឲ្យមានអ្នក​ចូលទស្សនា​ត្រឹមតែ ១ពាន់នាក់ប៉ុណ្ណោះ ក្នុងមួយប្រកួត

171

អាជ្ញាធរបារាំង បាន​រឹតត្បិត​ការប្រកួត​ក្នុងលីគកំពូលបារាំង France Ligue 1 ដោយ​ឲ្យ​មានអ្នកចូលទស្សនាត្រឹមតែ ១ ០០០ នាក់​តែប៉ុណ្ណោះ ឬ បើមិនដូចច្នេះទេ គឺត្រូវប្រកួត​ដោយ​បិទទ្វារ រហូតដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២០។

ការរឹតបន្តឹង​របស់អាជ្ញាធរបារាំងនេះ គឺដើម្បីការពារការឆ្លងរាល​ដាលនៃមេរោគ Covid-19 ខណៈ​រដ្ឋមន្ត្រីក្រសួង​កីឡា លោក Roxana Maracineanu បានអះអាងពីការសម្រេចចិត្តនេះ បន្ទាប់​ពីមាន​កិច្ចប្រជុំកាលពីថ្ងៃចន្ទម្សិលមិញ។

គួរជម្រាបជូនថា ការសម្រេចចិត្ត​របស់អាជ្ញាធរបារាំងនេះ ក៏បន្ទាប់ពីការប្រកួត​ក្នុងលីគកំពូល​របស់បារាំងមួយចំនួន កាលពីចុងសប្តាហ៍ ត្រូវបាន​ផ្អាកជាបន្ត​បន្ទាប់ ហើយ​ការប្រកួត​ UEFA Champions League ដែល PSG ធ្វើជាម្ចាស់ផ្ទះ ក៏តម្រូវឲ្យ​ប្រកួត​បិទទ្វារមិនស្វាគមន៍អ្នក​គាំទ្រ​ផងដែរ​៕