Messi និង Klopp ឈ្នះពាន​កីឡាករ និងគ្រូបង្វឹកឆ្នើមរបស់ FIFA ឆ្នាំ ២០១៩

340

កីឡាករ​ឆ្នើមអាហ្សង់ទីន Lionel Messi របស់ក្រុម Barcelona បានឈ្នះពានកីឡាករបុរសឆ្នើមក្នុងកម្មវិធី FIFA Football Awards ក្នុងទីក្រុង Milan ខណៈដែល Cristiano Ronaldo របស់ក្លឹប Juventus និងកីឡាករ Virgil van Dijk របស់ក្រុម Liverpool បានខកខានទទួលបានពានរង្វាន់កំពូលមួយនេះ។

វាជាលើកទី ៦ ហើយដែល Messi ត្រូវបានគេបោះឆ្នោតអោយក្លាយជាកីឡាករល្អជាងគេនៅលើពិភពលោក បន្ទាប់ពីធ្លាប់ឈ្នះក្នុងឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២ និង ២០១៥ ។

ខ្សែប្រយុទ្ធ​វ័យ ៣២ ឆ្នាំរូបនេះបានជួយឲ្យ Barcelona ឈ្នះពាន La Liga និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Champions League កាលពីរដូវកាលមុន​។

ដោយឡែកខ្សែប្រយុទ្ធអាមេរិក Megan Rapinoe បានឈ្នះពានរង្វាន់កីឡាករឆ្នើមនារី។

ចំណែកអ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp ត្រូវបានជាប់ជាគ្រូបង្វឹកបុរសប្រចាំឆ្នាំបន្ទាប់ពីរដូវកាលដែលពួកគេបានផ្តួលក្រុម Tottenham ២-០ ដើម្បីលើកពាន Champions League ។

ហង្សក្រហមក៏បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ នៅ Premier League ដោយមាន ៩៧ ពិន្ទុដែលជាកំណត់ត្រាខ្ពស់បំផុតទី ៣ នៅក្នុងការប្រកួត។

Klopp ត្រូវបានជ្រើសរើសរវាងគូរប្រជែង Premier League ពីររូបទៀតគឺ Pep Guardiola របស់ក្រុម Manchester City និង Mauricio Pochettino របស់ Tottenham ។

ប្រភព៖ BBC