Messi បានកាតក្រហមលើកទី២ក្នុងអាជីព ខណៈអាហ្សង់ទីន ដណ្តើម​បានលេខ៣

495

ខ្សែប្រយុទ្ធឆ្នើម Lionel Messi ទទួលបាន​កាតក្រហមត្រូវបានបណ្តេញចេញពីការប្រកួតក្នុងជំនួបដែលអាហ្សង់ទីនបានផ្តួលឈីលី ២-១ ដើម្បីដណ្តើមតំណែងលេខ ៣ ក្នុងពាន Copa América នៅសៅប៉ូឡូ។

ការប្រកួតឈានចូលនាទី ៣៤’ នៅពេលដែលប្រធានក្រុមឈីលី Gary Medel បានព្យាយាមពាំង Messi ពីការដណ្តើមបាល់ក្នុងប្រអប់គ្រោះថ្នាក់ ហើយបង្កើតទៅជាជម្លោះរុញគ្នាទៅមក ភ្លាមៗនោះអាជ្ញាកណ្តាលសញ្ជាតិម៉ិកស៊ិកលោក Mario Díaz de Vivar ក៏បានបង្ហាញកាតក្រហមដល់កីឡាករទាំង២រូប។ ដោយការប្រកួតនេះអាជ្ញាកណ្តាលចាយកាតលឿងដល់ទៅ ៧ ក្នុង ៣៧កំហុសផងដែរ។​

វាជាកាតក្រហមទី ២ ក្នុងអាជីពរបស់ Messi ដែលកាតក្រហមដំបូងគឺនៅពេលលេងឲ្យអាហ្សង់ទីនទល់នឹងហុងគ្រីនៅក្នុងឆ្នាំ ២០០៥។ 

គ្រាប់បាល់ជ័យជម្នះរបស់អាហ្សង់ទីនធ្វើបានដោយកីឡាករ Sergio Agüero នៅនាទីទី ១២’ និង Paulo Dybala ធ្វើបាននៅ ១០នាទីបន្ទាប់ក្នុងវគ្គទី១។ ឈានចូលតង់ទី២ Arturo Vidal រកបានឲ្យឈីលីមួយគ្រាប់វិញតាមរយៈបាល់ប៉េណាល់ទីនៅនាទី ៥៩’។​

ប្រេស៊ីលដែលជាក្រុមម្ចាស់ផ្ទះនឹងត្រូវប្រឈមមុខនឹងប្រទេសប៉េរូក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យស្អែកនេះនៅទីក្រុង Rio de Janeiro ។

វីដេអូ​ហាយឡាយ​

ប្រភព៖ Guardian