Mourinho កំពុងពិភាក្សាគំរោងដឹកនាំក្លឹបចិន Guangzhou Evergrande

272

លោក Jose Mourinho ប្រហែលជាត្រូវវិលត្រឡប់មកដឹកនាំក្រុមបាល់ទាត់វិញក្នុងពេលឆាប់ៗនេះ ហើយអាចជាក្រុមនៅក្នុងក្របខ័ណ្ឌ Chinese Super League (CSL) ។

សារព័ត៌មាន Telegraph បានរាយការណ៍ថាលោក Mourinho កំពុងតែចរចាជាមួយសេដ្ឋីចិនលោក Hui Ka Yan ដើម្បីក្លាយជាអ្នកចាត់ការថ្មីនៅក្លឹប Guangzhou Evergrande។

លោក Hui ដែលជាប្រធានក្រុមហ៊ុន Evergrande Group ចង់ឱ្យក្លឹបមួយនេះក្លាយជាក្លឹបល្អបំផុតនៅក្នុងប្រទេស ហើយត្រូវបានគេរាយការណ៍រូបលោកចង់យកលោក Jose Mourinho មកដឹកនាំនាពេលខាងមុខ។

ជាក់ស្ដែង​ឥទ្ធិពល​លុយដ៏ច្រើននៅចិន បានអូសទាញតារាឆ្នើមនៅក្នុងពិភពលោកមួយចំនួនឲ្យងាកចាប់អាជីពរបស់ខ្លួននៅទីនោះ ដោយមានដូចជា Oscar, Hulk, Yannick Carrasco, Marouane Fellaini និងកីឡា​ករផ្សេងៗទៀតជាដើម។

របាយការណ៍បានបង្ហាញថាលោក Mourinho បានជួបជាមួយលោក Hui Ka Yan ក្នុងពិធីចូលឆ្នាំចិនហើយបានពិភាក្សាពីទិដ្ឋភាពមួយចំនួនទាក់ទងនឹងកីឡាបាល់ទាត់ដោយអ្នកជំនួញរូបនេះបានដាក់ផែនការរបស់លោកដើម្បីជួយក្នុងការអភិវឌ្ឍកីឡាក្នុងប្រទេស។

គួរបញ្ជាក់ថា​លោក Mourinho បានចាកចេញពីការងារជាអ្នកចាត់ការតាំងពីត្រូវបានបណ្តេញចេញពីក្លឹប Manchester United កាលពីខែធ្នូ ប៉ុន្តែរូបលោកបាននិយាយថាគាត់ចង់វិលត្រឡប់មកដឹកនាំបាល់ទាត់វិញនៅត្រឹមខែកក្កដានេះ។

ប្រភព៖ Fox Sport Asia