Onana៖ ក្លឹបធំមួយនៅអឺរ៉ុប គេបដិសេដមិនយកខ្ញុំដោយសារតែស្បែកខ្មៅ

4251

អ្នកចាំទី Andre Onana របស់ Ajax បាននិយាយថា រូបគេត្រូវបានក្លឹបធំអឺរ៉ុបមួយមើលរំលង ព្រោះដោយសារស្បែកគាត់ខ្មៅ។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះ កំពុងលេងក្នុងរដូវកាលទី ៤ ជាមួយ Ajax ហើយជាប់ជម្រើសដំបូងក្នុងរយៈពេល ២ រដូវកាល​ចុងក្រោយនេះ​។ Onana ឆ្លងកាត់​សាលាបាល់ទាត់របស់ក្លឹប Barcelona ក្នុងឆ្នាំ ២០១០ ហើយផ្លាស់មក Ajax ក្នុងឆ្នាំ ២០១៥។

រំលឹកក្រោយគ្រាដែល Ajax បានឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League រដូវកាល ២០១៦-១៧ ដែលចាញ់ Man Utd ២-០ អ្នកចាំទី​សញ្ជាតិ​កាម៉េរ៉ូនរូបនេះ ត្រូវបានក្លឹបធំមួយចាប់អារម្មណ៍ តែចុងក្រោយពួកគេបានបដិសេដ ដោយសារពណ៌ស្បែករបស់គាត់បានរារាំងឱកាសក្នុងការផ្ទេរ។

Onana ប្រាប់ថា: «វាមិនមែនជាការងាយស្រួលឡើយ សម្រាប់អ្នកចាំទីស្បែកខ្មៅដើម្បីឈានដល់ជាកីឡាករកំពូលមួយ ពួកគេបានសម្រេចចិត្តមិនចុះហត្ថលេខាលើខ្ញុំទេ ពីព្រោះអ្នកចាំទីស្បែកខ្មៅម្នាក់នឹងពិបាកសម្រាប់អ្នកគាំទ្ររបស់ពួកគេ»។