ខ្សែការពារសញ្ជាតិម៉ាឡេស៊ី Dominic Tan បានចាកចេញពីក្រុមម្ចាស់ជើងឯកម៉ាឡេស៊ី Johor Darul Ta’zim (JDT) ដើម្បីចូលរួមជាមួយក្លឹប Police Tero FC ដែលទើបឡើងមកលេងនៅលីគកំពូលថៃ។
Dominic វ័យ ២២ ឆ្នាំបានចំណាយពេលពាក់កណ្តាលរដូវកាលឆ្នាំ ២០១៩ ក្នុងលក្ខខណ្ឌខ្ចីជើងនៅ Police Tero ក្នុងលីគទី ២ Thai League 2 និងបានជួយក្លឹបអោយត្រលប់មកលេងនៅលីគកំពូលថៃវិញសម្រាប់រដូវកាល ២០២០។
ខ្សែការពារកណ្តាលរូបនេះ បានសម្រេចចិត្តផ្ទេរជាអចិន្ត្រៃយ៍ ដើម្បីចុះហត្ថលេខាជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុងបាងកក។ Dominic បានចូលរួមជាមួយ JDT កាលពីឆ្នាំ ២០១៦ ហើយជាសមាជិកក្នុងក្រុមជម្រើសជាតិម៉ាឡេស៊ី U-22 ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ Asian Games 2018 ក្នុងប្រទេសឥណ្ឌូនេស៊ី AFC U23 Championship 2018 ក្នុងប្រទេសចិន និងកីឡាស៊ីហ្គេម 2019 នៅហ្វីលីពីន។ រូបគេក៏មានបទពិសោធលេងនៅអឺរ៉ុបទៀតផង ដោយធ្លាប់បានខ្ចីជើងទៅក្លឹបព័រទុយហ្កាល់ Vilaverdense FC ក្នុងឆ្នាំ ២០១៨ ។
Police Tero គឺជាក្រុមដែលស្ថិតក្នុងចំណោមសមាជិកទាំង ៣ ក្នុងលីគកំពូលថៃឆ្នាំ ២០២០ ដោយបានឡើងពីលីគទី ២ ជាមួយក្លឹប BG Pathum United និង Rayong FC។