Robben ប្រកាសចូលនិវត្តន៍ពីកីឡាករបាល់ទាត់ ក្នុងវ័យ ៣៥ឆ្នាំ

283

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Bayern Munich និង Chelsea កីឡាករ Arjen Robben បានប្រកាសចូលនិវត្តន៍ហើយក្នុងវ័យ​ ៣៥ឆ្នាំ។ កិច្ចសន្យារបស់កីឡាករសញ្ជាតិហូឡង់រូបនេះ ជាមួយក្រុម Bayern បានផុតកំណត់នៅខែមិថុនា ខណៈ​រូបគេតែងតែរំខានដោយបញ្ហារបួសកាលពីរដូវកាលមុន។

Robben ធ្លាប់បានលេងឱ្យក្រុម Real Madrid និង PSV ផងដែរដោយបានចាប់ផ្តើមអាជីពរបស់គាត់នៅក្រុមហូឡង់ FC Groningen កាលពី ១៩ ឆ្នាំមុន។

គាត់បានឈ្នះពានរង្វាន់នៅគ្រប់ក្លឹបដែលគាត់បានលេង ដោយនៅអាឡឺម៉ង់រូបគេបានឈ្នះពានរង្វាន់ Bundesliga ចំនួន ៨ ជាមួយ Bayern និងឈ្នះ Champions League ក្នុងឆ្នាំ ២០១៣។ នៅអង់គ្លេស​ធ្លាប់ឈ្នះពាន Premier League ជាមួយ Chelsea នៅក្នុងរដូវកាល ២០០៥-២០០៦ ក្រោយផ្ទេរពី Groningen នៅឆ្នាំ ២០០៤ ដោយរកបាន ១៩គ្រាប់ក្នុង ១០៥ប្រកួតដែររូបគេលេងឲ្យក្រុមតោខៀវ។ ក្រៅពីពាន Premier League គាត់ក៏បានឈ្នះ FA Cup ក្នុងឆ្នាំ ២០០៧ និង League Cup ២ដង។

Robben បានចូលរួមជាមួយក្រុម Real Madrid ក្នុងឆ្នាំ ២០០៧​ ដោយបានជួយឲ្យ Real ឈ្នះពាន La Liga ក្នុងរដូវកាលដំបូងរបស់គាត់មុនពេលចូលរួមជាមួយក្លឹប Bayern Munich នៅក្នុងរដូវកាល​ ២០០៩-១០។

ជាមួយជម្រើសជាតិហូឡង់ Robben បង្ហាញ​ខ្លួនបាន 96 ដង រូបគេបានជួយហូឡង់ទទួលបានជើងឯករង World Cup ក្នុងឆ្នាំ ២០១០ បន្ទាប់ពីពួកគេត្រូវបរាជ័យដោយក្រុមអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រនៅអាហ្វ្រិកខាងត្បូង។

ប្រភព៖ BBC