Safawi ក្លាយជាកីឡាករទី ២ របស់ម៉ាឡេស៊ីលេងឲ្យក្លឹបព័រទុយហ្កាល់

80

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិម៉ាឡេស៊ីកីឡាករ Safawi Rasid ត្រូវបានក្លឹប Portimonense SC ធ្វើការប្រកាសជាផ្លូវការក្នុងនាមជាកីឡាករចំណូលថ្មីរបស់ក្លឹប ។

យោងតាមគេហទំព័ររបស់ក្លឹបលីគកំពូលព័រទុយហ្កាល់មួយនេះ បានឲ្យដឹងថាក្លឹបបានចុះហត្ថលេខាលើ Safawi ក្នុងកិច្ចសន្យាខ្ចីជើងពីក្លឹបម៉ាឡេស៊ី Johor Darul Ta’zim (JDT) ជាមួយនឹងជម្រើសក្នុងការទិញយក ។

Safawi នឹងពាក់អាវលេខ ២៩ ហើយក្លាយជាកីឡាករទី ២ របស់ម៉ាឡេស៊ីដែលលេងនៅប្រទេសព័រទុយហ្កាល់បន្ទាប់ពីខ្សែបម្រើ Nazmi Faiz ដែលធ្លាប់លេងឲ្យក្លឹបលីគទី ៣ Beira-Mar អំឡុងឆ្នាំ ២០១៣ ។

ក្របខ័ណ្ឌ Primeira Liga ទើបតែចាប់ផ្តើមរដូវកាល ២០២០/២១ ហើយបច្ចុប្បន្ន Portimonense ឈរនៅចំណាត់ថ្នាក់លេខ ១៦ ក្នុងតារាងក្រោយឆ្លងកាត់ ៣ ប្រកួតចាញ់ ២ ស្មើ ១ ។

ទោះយ៉ាងណា Safawi Rasid មិនមែនជាកីឡាករអាស៊ីតែមួយរូបរបស់ក្លឹបនេះទេព្រោះថា Portimonense ក៏មានកីឡាករ ២ រូបផ្សេងទៀតមកពីអាស៊ីផងដែរគឺអ្នកចាំទីក្រុមជម្រើសជាតិជប៉ុន Shuichi Gonda និងអតីតកីឡាករ Kashima Antlers ខ្សែការពារ Koki Anzai ។