Sanchez ទម្លាយរឿងលាក់ទុកក្នុងចិត្តមួយ ពេលផ្លាស់មក United ថ្ងៃដំបូង

158

កីឡាករសញ្ជាតិឈីលី Alexis Sanchez បានរំលឹកថារូបគេធ្លាប់ចង់ចេញពី Manchester United ត្រលប់ទៅ Arsenal វិញ ក្រោយបង្ហាញខ្លួនក្នុងថ្ងៃហ្វឹកហាត់ដំបូងនៅ Old Trafford ។

អតីតខ្សែប្រយុទ្ធ Barcelona រូបនេះ បានផ្លាស់មកកាន់ Manchester United ពី Arsenal កាលពីខែមករាឆ្នាំ ២០១៨ ។ ស្នាក់នៅបាន ២ រដូវកាលក៏ផ្លាស់មក Inter Milan ជាអចិន្ត្រៃយ៍ក្រោយខ្ចីជើងបាន ១ រដូវកាល ។

តាមរយៈវីដេអូដែលបានបង្ហោះនៅលើគណនី Instagram កីឡាករវ័យ ៣១ ឆ្នាំ បានសារភាពថា គាត់បានដឹងខ្លួនថាខ្លួនមិនសប្បាយចិត្តនឹងពេលវេលាជាមួយ United ថែមទាំងខ្វះនូវសាមគ្គីភាពក្នុងក្រុម ។

Sanchez បាននិយាយថា ” ក្នុងថ្ងៃហ្វឹកហាត់ដំបូង ខ្ញុំបានដឹងពីខ្លួនឯងជាច្រើន ខ្ញុំបានត្រលប់មកផ្ទះវិញហើយសួរក្រុមគ្រួសារ និងភ្នាក់ងាររបស់ខ្ញុំថា តើខ្ញុំអាចផ្តាច់កិច្ចសន្យាហើយត្រលប់ទៅ Arsenal វិញបានដែរទេ ទាំងដែលខ្ញុំបានចុះហត្ថលេខារួចហើយ” ។

ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំនៅតែមានអារម្មណ៍ដដែលៗ។ យើងមិនបានរួបរួមគ្នាជាក្រុមនៅពេលនោះទេ។ ខ្ញុំតែងធ្វើការរិះគន់ខ្លួនឯង គួរតែលេងបានល្អជាងនេះ។ ប៉ុន្តែខ្ញុំត្រូវបានគេស្តីបន្ទោសជានិច្ចបើទោះបីជាខ្ញុំលេងបានត្រឹម ២-៣ នាទីក៏ដោយ។

គួររំលឹកផងដែរ Alexis Sanchez បានបង្ហាញខ្លួនអោយក្រុមបិសាចក្រហមចំនួន ៤៥ ប្រកួត ដោយស៊ុតបញ្ចូលទីបានតែ ៥ គ្រាប់ប៉ុណ្ណោះ នេះបើប្រៀបធៀបនឹងការលេងឲ្យក្រុមកាំភ្លើងធំ Arsenal ១៦៦ រកបាន ៨០ គ្រាប់ ។