Son ថា Spurs ត្រៀមខ្លួនរួចស្រេចដើម្បីដណ្តើម Top 4 ពី Chelsea

1413

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min បាននិយាយថា​ Spurs បានត្រៀមខ្លួនរួចជាស្រេចដើម្បីតាមប្រដេញក្រុមតោខៀវ Chelsea ប្រជែងយកតំណែងកំពូលទាំង ៤។

បច្ចុប្បន្ន​ក្រុមរបស់លោក Jose Mourinho មានគម្លាត​ ៤ ពិន្ទុប៉ុណ្ណោះពីក្រុម Chelsea ខុសគ្នាពីកាលតំណែងលោក Mauricio Pochettino កាលពីខែវិច្ឆិកាមានគម្លាតដល់ទៅ ១១ ពិន្ទុ​​។

ក្រុមមាន់ខ្នាយមាសពេលនេះឈរនៅលេខ ៥ ក្រោមក្រុមលេខ ៤ Chelsea ហើយក្រុម​ទាំងពីរ​និងត្រូវប៉ះគ្នានៅ Stamford Bridge នាថ្ងៃទី ២២ ខែកុម្ភៈខាងមុខនេះ​។

ក្រោយ​រកបានគ្រាប់ទី ២ ជួយ Spurs យកឈ្នះ​ Manchester City ២-០ កាលពីថ្ងៃអាទិត្យ Son បានប្រាប់តាមបទសម្ភាសថា “យើងមានការប្រកួតជាង ១០ ទៀតនៅក្នុងលីគ និងប្រកួតជាច្រើនដែលត្រូវលេង ប៉ុន្តែនៅចុងរដូវកាលនេះយើងនឹងឃើញមានអ្វីកើតឡើង យើងគ្រាន់តែព្យាយាមផ្តោតអារម្មណ៍ព្យាយាមរកពិន្ទុឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន“។

គួររំលឹក​ថា Tottenham និងត្រូវទទួលក្រុម Southampton ក្នុងការប្រកួត FA Cup ជុំទី ៤ នារាត្រីថ្ងៃស្អែកនេះ មុនទៅប៉ះ Aston Villa ក្នុងជំនួបក្របខ័ណ្ឌ Premier League។