Son Heung-min ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងជាខ្សែប្រយុទ្ធរបស់ក្លឹប Tottenham Hotspur ត្រូវតែចំណាយពេលនៅឲ្យដាច់ដោយឡែកពីគេ រយៈពេល ២ សប្តាហ៍ ពេលត្រលប់មកពីប្រទេសកូរ៉េខាងត្បូងវិញនៅចុងសប្តាហ៍នេះ។
ការរឹតបណ្តឹងនេះ គឺដើម្បីការពារការឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មី ឬ Covid-19 ខណៈប្រទេសខាងត្បូង ក៏កំពុងតែផ្ទុះការឆ្លងរាតត្បាតនៃមេរោគនេះយ៉ាងខ្លាំងក្លាដែរ។
យោងតាមសារព័ត៌មានអង់គ្លេស ក្លឹប Tottenham Hotspur មានជំនឿយ៉ាងមុតមាំថា Son នឹងមិនមានឆ្លងមេរោគកូរ៉ូណានោះទេ។ ប៉ុន្តែខាងក្លឹបរីករាយនឹងសហការជាមួយអ្នកជំនាញ ដើម្បីតាមដានពីស្ថានភាពរបស់កីឡាករកូរ៉េខាងត្បូងម្នាក់នេះ។ Son ត្រូវរំពឹងទុកថា នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ក្នុងផ្ទះរបស់គេដោយមានការឃ្លាំមើលពីអ្នកជំនាញផ្នែកសុខាភិបាលដែរ។
គួរជម្រាបជូនថា Heung-min Son នឹងត្រូវអវត្តមានពីការប្រកួតរហូតដល់ចប់រដូវកាល ដោយសារបញ្ហារបួសដៃធ្ងន់ធ្ងរ ដែលដូចទៅនឹងរបួសចាស់ដ៏ធ្ងន់ធ្ងរ កាលពីឆ្នាំ ២០១៧។ ប្រការនេះហើយ ទើបក្លឹបបានព្រមព្រៀងឲ្យ Son ទៅធ្វើការវះកាត់ និងសម្រាកព្យាបាលក្នុងផ្ទះ នៅប្រទេសកូរ៉េខាងត្បូងរបស់គេ។
ក្រោយវះកាត់រួច Son ត្រូវរំពឹងថាត្រលប់មកកាន់ប្រទេសអង់គ្លេសវិញ ដើម្បីតាមដានពីស្ថានភាពរាងកាយ និងប្រើប្រាស់ឧបករណ៍ជំនួយខ្លះៗ ដើម្បីធ្វើយ៉ាងណាឲ្យគេអាចចូលរួមហ្វឹកហាត់វិញបាន។ ខាងក្លឹប Spurs មានសុទិដ្ឋិនិយមថា ប្រសិនបើមានឧបករណ៍ជំនួយល្អនោះ Son អាចនឹងត្រូវបានចូលលេងវិញមុនពេលចប់រដូវកាលបាន៕
អត្ថបទ៖ FoxSport