បន្ទាប់ពីបានបើកកិច្ចប្រជុំជាមួយសមាជិក ៥៥ ប្រទេសនៅអឺរុប តាមរយៈ Video Conference នៅថ្ងៃអង្គារម្សិលមិញរួចមក សហព័ន្ធបាល់ទាត់អឺរុប ហៅកាត់ថា UEFA បានសម្រេចជាផ្លូវការពន្យាពេល ការរៀបចំព្រឹត្តិការណ៍ Euro ២០២០ រហូតដល់ឆ្នាំ ២០២១ វិញ។
ជាការពន្យាពេលមួយឆ្នាំពេញ ដើម្បីអនុញ្ញាតឲ្យលីគបាល់ទាត់ក្នុងតំបន់អឺរុប អាចដំណើរការដោយស្រួលបួលឡើងវិញ ក្រោយប្រទេសនៅអឺរុប ត្រូវប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃកូរ៉ូណាវីរុស ឬ Covid-19 នោះ។
គណៈកម្មការរៀបចំព្រឹត្តិការណ៍ Euro បានមូលមតិគ្នាថា នឹងរៀបចំ Euro ២០២០ នៅ ចន្លោះថ្ងៃទី ១១ ខែមិថុនា ដល់ ១១ ខែវិច្ឆិកា ឆ្នាំ ២០២១។ ចំណែកការប្រកួត Euro ផ្នែកនារី ក៏នឹងត្រូវលើកពេលទៅធ្វើនៅឆ្នាំ ២០២២ ខណៈគម្រោងគ្រោងនឹងធ្វើនៅឆ្នាំ ២០២១ បន្ទាប់ពី Euro បុរសឆ្នាំ ២០២០ នេះ។
គួរជម្រាបជូនថា តាមផែនការដែលបានរៀបចំទុក ការប្រកួតបាល់ទាត់បុរសប្រចាំតំបន់អឺរុប ដែលជាព្រឹត្តិការណ៍ ៤ ឆ្នាំម្តង គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ ខាងមុខនេះ ប៉ុន្តែដោយសារតែការរាតត្បាតនៃកូវីដ ១៩ គ្រប់កម្មវិធីកីឡា ឬ សិល្បៈនានា ត្រូវប្រែប្រួលទាំងអស់៕